ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ និងសិស្សសនុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩(៩ វិច្ឆិកា ១៩៥៣–៩ វិច្ឆិកា ២០២២) នៅសាលាខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជក់ថា ក្រោមព្រះរាជបូជនីកិច្ច និង ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនគកោដ្ឋ ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានធ្វើឲ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនគកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះរាជបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីសេចក្តីសុខសាន្ត និង ការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ឯកឧត្តមបញ្ជាក់ទៀតថា ទន្ទឹមនឹងបុណ្យខួបអនុសាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៏សូមចូលរួមងបអរសាទរខួបលើកទី ៦៩ នៃកំណើតកងយោធពលខេមរភូមិន្ទ ដ៏អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនគកោដ្ឋ បានបង្កើតឡើងហើយដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៏ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ដែលជាមរតកដ៏ពិសិដ្ឋពុំអាច អោយអ្នកណាឈ្លានពានបាន ជាពិសេសការពារប្រាង្គប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌជាតិអោយបានគង់វង្ស។ បច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបដដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិយើង ត្រូវបានបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពបរិបូណ៌ ព្រមទាំងមានការផ្លាស់ប្តូវយ៉ាងល្អប្រសើរគួរអោយកត់សំគាល់ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ចពាណិជ្ជកម្ម និងវិនិយោគ៕