(បាត់ដំបង)៖នាថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ចំនួន ៣០០នាក់ នៅសាលាបឋមសិក្សាកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ទោ សូមប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត់ ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមបន្តរក្សាអនាម័យ រស់នៅស្អាត និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ–១៩បន្តទៀត និងត្រូវចូលរួមអប់រំកូនចៅ និងក្រុមគ្រួសារឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន អោយបានដាច់ខាត៕