(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែតុលា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។សមាសភាពដែលអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចថ្មើរជើងទាំង៤។
នាឱកាសនោះលោកមេបញ្ជាការកងពល បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាព ត្រូវបន្តយកចិត្តទុកដាក់ការងារស្នូល និងជំនាញ ពិសេសការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យ និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ដើម្បីធានាចេញប្រតិបត្តិការ បំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ឲ្យបានទាន់ពេលវេលា និងទទួលជោគជ័យ ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោធិនដែលមានស្នាដៃល្អប្រចាំខែតុលា និងប្រគល់ទឹកក្រូច ដែលជាអំណោយរបស់ក្រុមហ៊ុន ថេន សាយ តាមបណ្តាកងឯកភាពចំណុះផងដែរ៕