ព័ត៌មានជាតិ

ប្រជាកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង ទទូលបានស្រូវពូជ និងស្បៀងអាហារ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ខេត្តកំពង់ឆ្នាំង:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣,៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង។

 

នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធីនៅទីនេះ ក៏ដូចជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។​

 

សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក។ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយខេត្ត និងអាជ្ញាធរខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ រាល់ពេលពលរដ្ឋមានទុក្ខ តែងតែមានវត្តមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ជានិច្ច។

 

ពាក់ព័ន្ធរឿងគ្រោះទឹកជំនន់នេះដែរបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន សុវណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹង ថា គ្រោះធម្មជាតិដោយសារស្ថានភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជនមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ ព្រមទាំងមានប្រជាកសិករចំនួន ៣៤៦០គ្រួសារ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ស្មើនឹង១,៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន ៕

Leave a Reply

Your email address will not be published.