ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១០២៧គ្រួសារ មកពីឃុំចំនួន៩ ក្នុងស្រុកកងមាស ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ដោយក្នុង១គ្រួសារៗ ទទួលបានពូជស្រូវ ចំនួន១០០គីឡូក្រាម ស្មើៗគ្នា។
ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែល ឯកឧត្ដម និងឯកឧត្ដម អ៊ុង សំអាត បានដឹកនាំប្រតិភូ ចុះមកដល់មូលដ្ឋាន ដើម្បី ពិនិត្យលើស្ថានភាព នៃទំហំផលប៉ះពាល់ខូចខាតជាក់ស្ដែង នាពេលកន្លងទៅ ពេលនេះ បងប្អូនបានទទួលពូជស្រូវ ដើម្បីយកទៅដាំដុះស្ដារឡើងវិញហើយ ។ ឯកឧត្ដម បញ្ជាក់ថា តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន បានផ្គល់ពូជស្រូវសម្រាប់ បងប្អូនកសិករធ្វើការស្ដារឡើងវិញ ក្រោយពីប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ។ ជាក់ស្ដែង សម្រាប់ប្រជាពលរដ្ឋ នៅស្រុកកងមាស នាថ្ងៃនេះ មានចំនួន ១.៧៧៥គ្រួសារ ស្មើនឹង ១១៤តោន ៧០០គីឡូក្រាម ដែលត្រូវចែកជូន ២កន្លែង ក្នុងនោះ សម្រាប់ទីតាំង ១ នៅវត្តនិគ្រោត ឃុំពាមជីកង មាន ០៣ឃុំ គឺ ៖ ឃុំព្រែកក្របៅ រការគយ និងឃុំសូគង លើផ្ទៃដីខូចខាតទំហំ ២៦២,៨០ហ.ត ស្មើនឹង ៧៥០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម ស្មើៗគ្នា ។ និងទីតាំងទី ២ ចែកនៅវត្តកងតាណឹង ឃុំកងតាណឹង មាន ០៦ឃុំ គឺ ៖ ឃុំកងតាណឹង ខ្ចៅ ព្រែកកុយ រាយប៉ាយ រការអា និងឃុំស្តៅ លើផ្ទៃដីខូចខាតទំហំ ៧៧៤.៦៤០ហ.ត មានប្រជាពលរដ្ឋចំនួន ១.០២៧គ្រួសារ និងពូជស្រូវ ចំនួន ៧០តោន ៥០គីឡូក្រាម ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងសង្កត់ធ្ងន់ថា ៖ នៅពេលទទួលបានស្រូវពូជហើយ គឺបងប្អូន លែងជំពាក់បំណុលពីធនាគារ ដើម្បីយកមកទិញពូជស្រូវហើយ។ ប៉ុន្តែបងប្អូននៅជំពាក់តែសម្ដេចតេជោ ប៉ុណ្ណោះ ហើយការជំពាក់នេះ គឺងាយស្រួលបំផុត ដោយគ្រាន់តែបងប្អូន ពូម៉ីង យាយ តា អញ្ជើញទៅបោះឆ្នោត តែម្នាក់១សន្លឹក ជូនសម្ដេចតេជោ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យសម្តេចតេជោបានក្លាយជានាយករដ្ឋមន្ត្រី នោះជាការស្រេច ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក បានមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាកសិករថា ក្រោយពីទទួលបានស្រូវពូជ សូមឱ្យកសិករយើងមានការត្រៀមលក្ខណៈ ពោលគឺ នៅពេលដែលទឹកស្រកទៅ ត្រូវពង្រោះស្រូវភ្លាម ។ ឯកឧត្ដម បញ្ជាក់ទៀតថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងតែណែនាំ ដល់មន្ត្រី នៃមន្ទីរកសិកម្មខេត្ត សូមឲ្យមានការទំនាក់ទំនង ផ្សារភ្ជាប់ជាមួយប្រជាកសិករ និងចេះស្គាល់អំពីសុខ និងទុក្ខ ជានិច្ច ពីព្រោះថា បងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ច ឲ្យដើរទៅមុខ ។ ដូចគ្នានោះដែរ កិច្ចការបន្ទាប់ ប្រសិនបើបងប្អូនមានបញ្ហា ទាក់ទងទៅនឹងការងារបង្កបង្កើនផល សូមទំនាក់ទំនង ទៅអាជ្ញាឃុំ ដើម្បីជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ ទាន់ពេលវេលា ៕