ខេត្តកំពត:ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំការប្រណាំងទូក ពិធីបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសន្និសិទបូកគោ សាលាខេត្តកំពត ដោយយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្តកំពតផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពតបានកំណត់រៀបចំពិធីប្រណាំងទូក(ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែកកំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកំពតក៏បានត្រៀមរៀបចំការសម្ដែងសិល្បះ តន្ត្រីប្រពៃណី និងការតាំងពិព័រណ៍ភូមិមួយ ផលិតផលមួយផងដែរ ៕