ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវគូស្នេហ៍ហេងស៊យចាក់មួយចុងកន្ត្រៃ រួចចាក់អាល់កុលស្រោចដុតបន្ថែមទៀតរហូតដល់ស្លាប់នៅក្នុងបន្ទប់កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ក្រោយផ្ទុះជម្លោះដ៏ក្ដៅរោលរាលដែលផ្ដើមចេញពីខាងតួប្រុសមិនគោរពសន្យា តែជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗដែរ ។
សមត្ថកិច្ចបានអោយដឹងថា ជនដៃដល់មានឈ្មោះ នេត ចំប៉ី ភេទស្រី អាយុ៥៣ឆ្នាំត្រូវជា ប្រពន្ធចុង មានមុខរបរលក់នំបញ្ចុក រស់នៅកន្លែងកើតហេតុ។ រីឯជនរងគ្រោះមានឈ្មោះ អាន់ វុធ អាយុ៤៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិ.ឃុំជាមួយគ្នា ។សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវរបួសត្រង់ពោះមួយកន្លែង និងស្នាមរលាកលើខ្លួន និងលើផ្ទៃមុខដោយសារភ្លើងឆេះ ដែលជនសង្ស័យប្រើកន្ត្រៃចាក់ និងចាក់ស្រោចអាល់កុលដុតបន្ថែម ។
អធិការស្រុកបាណន់ លោក ប៉ាន់ វ៉ាន់នី បានប្រាប់ឲ្យដឹងថា ស្ត្រីដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ។ លោកបញ្ជាក់ទៀតថា បើតាមការសាកសួរបឋម ជនដៃដល់ជាប្រពន្ធចុងជនរងគ្រោះ ខណៈជនរងគ្រោះមានប្រពន្ធនិងកូននៅក្នុងភូមិជាមួយគ្នា ។បើតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ មូលហេតុដែលនាំឲ្យចា.ក់ស.ម្លា.ប់គូស្នេហ៍យ៉ាងឃោរឃៅបែបនេះ ដោយសារខ្លួនខឹងនឹងគូស្នេហ៏ដែលសន្យាថា «ព្រមជួយឧបត្ថម្ភប្រាក់មួយខែ១០ម៉ឺនរៀល តែជាសន្យាខ្យល់ ទើបខ្លួនខឹងហៅមកសួរនាំ រហូតមានការវាយតប់គ្នាក៏សម្រេចចិត្តសម្លាប់តែម្ដង»។បើតាមចម្លើយសារភាពរបស់ស្ត្រីដ៏កាចសាហាវ ឈ្មោះ នេត ចំប៉ី ដែលមន្ត្រីជំនាញបានសួរនាំ ក្រោយត្រូវឃាត់ខ្លួនភ្លាមៗ អ្នកលក់នំបញ្ចុករូបនេះបានប្រាប់សមត្ថកិច្ចថា គាត់និងជនរងគ្រោះដែលជាកម្មករសំណង់ មានទំនាក់ទំនងស្នេហាលួចលាក់ និងយ៉ាងស៊ីជម្រៅជាមួយគ្នា រហូតមកដល់ពេលនេះត្រូវគេដឹងពេញភូមិ មានរយៈពេលជិតពីរឆ្នាំកន្លងមកហើយ បើទោះជាគាត់ដឹងថា ប្ដីហេងស៊យរបស់រូបនេះមានប្រពន្ធកូន និងរស់នៅក្នុងភូមិជាមួយគ្នាក្ដី ។ គាត់បានសារភាពប្រាប់សមត្ថកិច្ចទៀតថា គាត់និងជនរងគ្រោះតែងស្នាក់នៅជុំគ្នាពេលរាត្រីមិនសូវខកខានទេ ហើយក៏តែងឈ្លោះប្រកែកគ្នាបែកផ្សែងជាញឹកញាប់ដែរជាមួយខាងប្រពន្ធដើមគេ។ ពេលនៅស្រលាញ់គ្នាល្អូកល្អិន ប្ដីហេងស៊យរបស់គាត់បានសន្យាថា នឹងជួយផ្ដល់លុយកាក់ចិញ្ចឹមគាត់មួយខែ១០ម៉ឺនរៀល តែបាត់ឈឹងរហូត មិនគោរពការសន្យា ទើបគាត់ខឹងក៏ហៅមកសួរនាំម្ដង តែពេលមកដល់សួរនាំរឿងលុយកាក់ក៏កើតការឈ្លោះប្រកែកគ្នា ឈានដល់ការសម្លាប់តែម្ដង ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើឃាតប្ដីហេងស៊យនេះ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះបានប្រាប់ថា គាត់បានហៅជនរងគ្រោះមកជួបមុនពេលកើតហេតុ ខណៈគាត់ស្រវឹងឡើងជោកជាំទៅហើយ ។ ពេលមកដល់ផ្ទះគាត់ គាត់បានសួរនាំពីរឿងសន្យាផ្ដល់ប្រាក់មួយខែ១០ម៉ឺនរៀល តែមិនឃើញប្រាក់ ហើយខាងតួប្រុសប្រាប់ថា «អត់មាន»។ គាត់គិតថា ប្ដីហេងស៊យរូបនេះ មានគំនិតបោកប្រាស់គាត់ យកគាត់គ្រាន់តែត្រឹមសប្បាយលេងសើច ពេលនោះក៏មានការឈ្លោះប្រកែកគ្នា រហូតប្រតាយប្រតប់គ្នាពេញបន្ទប់ ។
ស្ត្រីរូបនេះបានបញ្ជាក់ថា ពេលនោះខាងប្រុសហាក់ ដូចជាប្រើកណ្ដាប់ដៃរាងធ្ងន់បន្តិចមកលើគាត់ ធ្វើឲ្យគាត់ក្ដៅក្រហាយក៏ស្ទុះទៅទាញកន្ត្រៃចាក់ត្រូវចំពោះក្បែរផ្សិតមួយកន្ត្រៃ ហើយទាញដបអាល់កុលចាក់ស្រោចបន្ថែម រួចដុតឆេះរោលរហូតស្លាប់តែម្ដង ៕