ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទឹកជំនន់ នៅក្នុងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្នកំពុងមានការស្រកចុះជាបណ្តើរៗហើយនោះ ដោយមានការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បទបញ្ជាចាត់តាំង អោយក្រុមប្រតិភូរបស់ក្រសួង ដែរដឹកនាំដោយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម ជួប រតនា អនុរដ្ឋលេខាធិការបានអញ្ជើញ ចុះសិក្សាវាយតម្លៃ នៃការខូចខាតផ្លូវតំបន់ជនបទមួយចំនួនដែលមានការលិចដាច់ជាអន្លើៗ ដោយសារទឹកលិចហូរច្រោះ បានធ្វើឲ្យខូចខាតជាច្រើនកន្លែង ។
លោក ជា យុទ្ធារុណ ដែលជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ បើគិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ទឹកជំនន់បានស្រកចុះវិញប្រមាណ ៤០ភាគរយ ទៅ៦0ភាគរយ ដូចជាតំបន់ខ្លះស្រក់តិច តំបន់ខ្លះច្រើន ប៉ុន្តែទន្ទឹមនឹងការស្រកនេះ ចំពោះការច្រោះបណ្ដាលឱ្យផ្លូវចិត្តតំបន់មួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាតសរុប ចំនួន៦០ខ្សែ ប្រវែង៦២១ ៩៣៦ម៉ែត្រ ត្រូវបានជន់លិចទាំងស្រុងប្រវែង១៦៧ ៣០០ម៉ែត្រម៉ែត្រ ដាច់តួផ្លូវប្រវែង ៣៨ ៧៨៥ម៉ែត្រ ហូរច្រោះជើងទេប្រវែង ១៤៣ ២០០ម៉ែត្រនិងលូមូល៤កន្លែង លិចអណ្ដូងស្នប់ចំនួន ១៥៦កន្លែង បង្គន់អនាម័យគ្រួសារចំនួន ១៤ ៧១៣កន្លែង និងលិចបង្គន់សាធារណៈចំនួន ១០៨ ។បច្ចុប្បន្ននេះមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះស្រង់ទិន្នន័យជាក់ស្ដែងដាក់បណ្តើរៗទៅតាមខ្សែផ្លូវដែល បានស្រកចុះ។
ឯកឧត្ដម អ៊ិន ចន្ថា បានធ្វើការកោតសរសើរ ចំពោះអស់លោក លោកស្រីមន្ត្រីទាំងអស់ ដែលបានសហការរួបរួមគ្នា ពិសេសបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តកសាងជួសជុលស្ដារឡើងវិញ នូវផ្លូវមួយចំនួនដែលមានការខូចខាតតិចតួចបាន ធ្វើការឈូសឆាយចាក់ដីឬបង្ហាប់ឡើងវិញ ដើម្បីបងប្អូនប្រជាពលរដ្ឋ បានធ្វើការឆ្លងកាត់។
ឯកឧត្តមបានបន្តថា ផ្លូវថ្នល់ជាសរសៃឈាមនៃសេដ្ឋកិច្ច ដូចនេះទៅនឹងការចុះពិនិត្យសិក្សាលើការខូចខាតទៅនេះនាពេលទឹកស្រកផុតអស់ នឹងធ្វើការជួសជុលតភ្ជាប់ស្តារឡើងវិញ ទាំងផ្លូវ អណ្ដូងស្នប់ និងបង្គន់អនាម័យ ៕