ខេត្តកំពង់ចាម:ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោកប្រធានកិត្តិយស គណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តភូមិ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ និងមានជីវភាពខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពីឃុំចំនួន៣ ( ឃុំទំនប់ ឃុំសណ្តែក និងឃុំត្រប់ ) ក្នុងនោះ រួមមាន ចាស់ជរា ១៤ គ្រួសារ- ជនមានពិការភាព ៣ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ២១គ្រួសារ- មានជំងឺប្រចាំកាយ ៨គ្រួសារ- ទ័លលំបាក ៩គ្រួសារ- មានសតិមិនគ្រប់ ១គ្រួសារ និង កុមារកំព្រា ២គ្រួសារ ។ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ វត្តសំវរសីល ហៅវត្ត សណ្តែក ឃុំសណ្តែក ក្នុងស្រុកបាធាយ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។
ឯកឧត្តមប្រធានគណៈកម្មាធិការ បានក្រើនរំលឹកដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និង បន្តពន្លឿនការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន ដូស ទី៣ ទី៤ និងដូសជំរុញ អោយបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៨ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសំវរសីល សណ្តែក នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕