ខេត្តកណ្តាល៖នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក អមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារនៃរដ្ឋបាលខេត្តកណ្តាល បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្តាលឲ្យស្លាប់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។
រដ្ឋបាលខេត្តបញ្ជាក់ថា ករណីលិចទូកដរ បណ្តាលគ្រោះថ្នាក់ដល់ជនរងគ្រោះ ភាគច្រើនជាសិស្សសាលា ចំនួន ១៣នាក់។តុល្យការគិតត្រឹមម៉ោង ១៣:០០ នាទីរសៀលនេះ កម្លាំងជំនាញបានជួយសង្គ្រោះ និងរុករកឃើញអ្នកនៅមានជីវិតចំនួន ០២ នាក់, អ្នកស្លាប់ចំនួន ១០ នាក់ និងបន្តស្វែងរកអ្នកបាត់ខ្លួន ចំនួន ០១ នាក់ទៀត។បន្ទាប់ពីចុះពិនិត្យ និងចាត់ចែងក្រុមការងារដើម្បីបន្តរុករកអ្នកកំពុងបាត់ខ្លួនរួចមក ក្រុមការងារបានចុះសួរសុខទុក្ខ ចូលរួមរំលែកមរណៈទុក្ខចំពោះគ្រួសារសពតាមខ្នងផ្ទះនីមួយៗ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារបាន ចូលរួមឧបត្ថម្ភថវិកា មួយចំនួនដើម្បីចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសពនីមួយៗ ដោយក្នុង១ សព ទទួលបានថវិកា សរុប ៧៥០០ដុល្លារ រួមមាន៖រដ្ឋបាលខេត្តកណ្តាល ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភដល់សព នូវថវិកាចំនួន ៥០០០ ដុល្លារ ក្នុង ១សព។
–អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ថវិកា ចំនួន ៥០០ដុល្លារ ក្នុង ១សព និងសម្ភារ មានដូចជា អង្ករ ៥០ គីឡូ ត្រីខ ០១កេសធំ មី ០២កេស ទឹកសុទ្ធ ០២យួរ និងម៉ាស់ ១ប្រអប់។
– លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ និងជាតំណាងរាស្រ្តខេត្តកណ្តាល ថវិកា ចំនួន ១០០០ ដុល្លារ ក្នុ១សព។
– ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក ថវិកាចំនួន ១០០០ ដុល្លារ ក្នុង ១ សព ផងដែរ៕