(បន្ទាយមានជ័យ)៖ដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងា និងវាយតម្លៃបឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២នេះ ចំនួន ៤ស្រុក មានស្រុកមង្គលបូរី,អូរជ្រៅ,ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ការចុះពិនិត្យនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
លោក ជា យុទ្ធារុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ គិតត្រឹមម៉ោង១៧ និង៣០នាទីថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងនៅបន្តលិច បានបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន៥៥ខ្សែ ប្រវែង៥៨២,២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង១៥១,៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង៣០,៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង១២៧,៤២០ម៉ែត្រ និងលូមូល ៣កន្លែង។
លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ក្នុងនោះផ្លូវទាំង៥៥ខ្សែនេះស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន៨ខ្សែ,ស្រុកព្រះនេត្រព្រះ ចំនួន១៧ខ្សែ,ស្រុកមង្គលបូរី ចំនួន៩ខ្សែ,ស្រុកភ្នំស្រុក ចំនួន៣ខ្សែ,ស្រុកស្វាយចេកចំនួន៣ខ្សែ,ស្រុកថ្មពួកចំនួន៦ខ្សែ,ស្រុកម៉ាឡៃចំនួន២ខ្សែ,ក្រុងប៉ោយប៉ែតចំនួន១ខ្សែ និងក្រុងសិរីសោភ័ណចំនួន៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣។
ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃឯកឧត្តម អ៊ិន ចន្ថា បានមានប្រសាសន៍ថា៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបានចាត់តាំងអោយរូបឯកឧត្តមផ្ទាល់ ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះឯកឧត្តម អ៊ិន ចន្ថា បានធ្វើការកោធសរសើរនិងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។ ជាក់ស្តែងក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ៕