ខេត្តកែប៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ដែលទទួលបានជ័យលាភីលេខ១ ថ្នាក់ជាតិ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា នេះជាមហាកិត្តិយសមួយថ្មីទៀតសម្រាប់ខេត្ត ដែលក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកែប។ក្នុងនោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏ស្នើឱ្យក្រុមសិល្បករ សិល្បការនី ល្ខោនបាក់សាក់ បន្តការខិតខំប្រឹងប្រែង ហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពល្ខោនបាសាក់ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពបន្តទៀ ដើម្បីលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិរបស់យើង និងត្រូវប្រកាន់ខ្ជាប់ នៅគោលការណ៍ រក្សាវប្បធម៌ជាតិ យើងឱ្យបានផ្គុំថ្កើន តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ។
យោងតាមរបាយការណ៍របស់ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្នុងនោះខេត្តកែប បានសម្រេចជ្រើសរើសយកក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដើម្បីចូលរួមផងដែរ។ ដោយមានការយកចិត្តទុកដាក់ ជម្រុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដល់ក្រុមសិល្បៈ ទាំងបុរាណ និងសម័យ គ្រប់ទម្រង់ ជាពិសេសក្រុមសិល្បៈល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែបនេះហើយ ដែលជាកម្លាំងចលករជម្រុញឱ្យសិល្បករ សិល្បការិនី មានឆន្ទៈ តស៊ូជំនះគ្រប់ឧបសគ្គ បញ្ចេញអស់សមត្ថភាព ទេពកោសល្យ ចំណេះជំនាញ រហូត ទទួលបានលទ្ធផល ជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនាពេលនេះ ៕