ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់រ​បស់ក្រុមប្រឹក្សាខេត្តកណ្ដាល​លើកទី៤ អាណត្តិទី៣ ឆ្នាំ២០​២២ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ផ្លូវបេតុងនៅ​ក្នុងភូមិ ឃុំ និងប្រឡាយទឹក នៅតែជា​តម្រូវការចាំបាច់​របស់បងប្អូន​ប្រជាពល​រដ្ឋ ក៏ដូចជាអាជ្ញាធរ​មូលដ្ឋាន ក្នុង​ស្រុកអង្គស្នួល ដែលបានលើកឡើង​ជា​សំណូ​មពរជូន​ដល់ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តកណ្ដាល ដើម្បីជួយសម្របសម្រួល និងផ្ដល់​ជូនពួកគាត់ងាយ​ស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ការលើកឡើ​ងនៅសំណូមពរនេះ ត្រូវបានធ្វើ​ឡើងក្នុងវេទិ​កាផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅប​រិវេ​ណ​វត្តភូមិថ្មី ក្នុងស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកអង្គស្នួល បាន​លើកឡើងនៅសំណូមពរចំនួន ៥៤ សំណូមពរ ក្នុងនោះ​ស្នើសុំសាងសង់ផ្លូវបេតុង ក្នុងភូមិ និងផ្លូវអ​ន្តរឃុំ ស្នើសុំស្ដារប្រឡាយទឹក ស្នើសុំទ្វារទឹក ស្នើសុំអំពូលសូឡា សុំដីចាក់បំពេញបរិវេណសាលា សុំថ្ម​មិច សំណូមពរមួយចំនួនទៀត ត្រូវបានគណៈអធិបតី មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការ​ដោះស្រាយបានមួយចំនួន និងមួយចំនួនទៀត​ត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអ​ភិបាល​ខេត្តដើម្បីពិនិត្យ និងសម្រេច។

លោក ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់ គឺបានផ្ដល់ឱកា​សជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទ​ងគ្នាទៅវិញទៅមក​រវាងរដ្ឋបាល​ខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯ​កជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអា​ទិភាព​នៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ ដូច្នេះហើយ រាល់បញ្ហាអាទិភាពរ​បស់ប្រ​ជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយ​ហេតុផលច្បាស់លាស់។ គ្រប់អ្នក​ពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូល​ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេ​ត្តនឹងបង្កើតបា​ននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។

លោក តេង រិទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត បានអាននៅរបាយការណ៍ឆ្លើយតបនៅសំណើរ សំណូ​មពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅស្រុកអង្គស្នួល ដែលបានលើ​កឡើងកាលពី​វេទិកាក្រុមប្រឹក្សាខេត្តក្នុងឆ្នាំ២០២១ កន្លងមកនេះ មានចំនួន១២ បញ្ហាប្រឈម និងសំណូមពរ បានធ្វើការដោះស្រាយរួចរាល់បានចំនួន៦ កំពុងដោះស្រាយបន្តចំនួន ៤ និងបញ្ចូលក្នុងគម្រោង​ឆ្នាំ២០២៣ ចំនួន២ ៕

Leave a Reply

Your email address will not be published.