ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងកម្លាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន ជួយដល់ប្រជាពលរដ្ឋភ្លាមៗ បន្ទាប់ពីភ្លៀងបានធ្លាក់មួយមេធំបន្ថែម បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ ព្រមទាំងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការហូរច្រោះដីភ្នំមកលើលំនៅដ្ឋាន ទៅទីមានសុវត្ថិភាព បានរួចផុតអាយុជីវិតទាន់ពេលវេលា ។
ជាមួយគ្នានោះលោកជំទាវ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់នេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។
ក្នុងនោះលោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ក្រុមការងាររដ្ឋបាលខេត្ត–ស្រុក–ឃុំ–ភូមិ កងកម្លាំងទាំងបីប្រភេទ យុវជនសសយក យុវជនកាកបាទក្រហម ដែលបានចំណាយពេលវេលា ក្នុងការជួយប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ នាពេលនេះ ៕