ខេត្តកែប៖ថ្លែងក្នុងពិធី បំពាក់កន្សែងជូនដល់នវកាយរិទ្ធិជំនាន់ទី៦ និងពិធីផ្សព្វផ្សាយ “ ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២២ “ ក្រោមប្រធានបទ “ បញ្ឈប់អំពើហឹង្សា កសាងសន្តិភាព “ កាលពីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តកែប បានមានប្រសាសន៍ថា៖ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនដ៏មានសារៈសំខាន់នេះ កាយរឹទ្ធិជាតិកម្ពុជា នាពេលកន្លងមក បានរៀបចំគោលនយោបាយ ច្បាប់កាយរឹទ្ធិគោលការណ៍គ្រឹះកាយរឹទ្ធិកម្ម ការសច្ចាប្រណិធាន វិធីកាយរឹទ្ធិ និងកម្មវិធីបណ្តុះបណ្តាលដល់គ្រប់ស្រទាប់កុមារ យុវជន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេ តាមរយៈការអប់រំក្រៅប្រព័ន្ធ ដែលគាំទ្រដល់ការអប់រំក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងសំដៅធ្វើឲ្យកុមារ យុវជនទាំងអស់មានសក្តានុពលពេញលេញលើកាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា មានគំនិតច្នៃប្រឌិត មានសមត្ថភាពរស់នៅ និងធ្វើការងារប្រកបដោយឆន្ទៈពិតប្រាកដ ក្នុងការចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍របស់ខ្លួន ជាពិសេសគឺប្រែក្លាយជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងសង្គមយ៉ាងមានប្រសិទ្ធភាព។
ក្នុងនោះឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១–គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការកាយរឹទ្ធិជាតិកម្ពុជាខេត្តកែប ក្រុង ស្រុកឡើងវិញ និងត្រូវរៀបចំផែនការបណ្តុះបណ្តាល និងបំពាក់កន្សែងជូនសមាជិកថ្មីដែលស្មគ្រចិត្តចូលក្នុងចលនាកាយរឹទ្ធិបន្ថែមទៀត។
២–មេកងឯកភាពនៅតាមវិទ្យាល័យទាំង២ និងតាមអនុវិទ្យាល័យ ត្រូវយកចិត្តទុកដាក់បំផុសដល់កុមារ និងយុវជនដែលមិនទាន់បានស្ម័គ្រចិត្តចូលរួមក្នុងចលនាយុវជននានា អោយស្ម័គ្រចិត្តចូលក្នុងចលនាកាយរឹទ្ធិកម្ពុជាអោយបានច្រើន។
៣–ចំពោះក្មួយៗទាំង ៩៦នាក់នេះ បានក្លាយជាសមាជិកកាយរឹទ្ធិកម្ពុជាពេញសិទ្ធិហើយ ហេតុនេះសូមប្អូនៗក្មួយៗទាំងអស់គ្នាខិតខំប្រតិបត្តិអោយបាននៅច្បាប់កាយរឹទ្ធិទាំង១០ប្រការ ។
៤–សូមអំពាវនាវដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ជួយគាំទ្រ ទាំងស្មារតី ថវិកា និងសម្ភារៈតាមលទ្ធភាព ជូនដល់ក្មួយៗជាយុវជនកាយរឹទ្ធិ និងចលនាយុវជនដ៏ទៃទៀត ដើម្បីអោយពួកគេបានធ្វើសកម្មភាពក្នុងចលនាយុវជនរៀងៗខ្លួន៕