ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ ចំនួន ១០០គ្រួសារ នៅក្នុងឃុំភ្នំដី និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ សង្គ្រោះបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ បើទោះបីសម្តេច មិនបានមកផ្ទាល់ក៏សម្តេចតែងតែយកចិត្តទុកដាក់ចាត់ក្រុមការងារ ចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុកលំបាក ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងទុកវេទនា ឬក៏ស្លាប់ដោយសារអត់អាហារឡើយ ។ទោះបីស្ថិតក្នុងកាលៈ ទេសៈណាក៏ដោយ ក៏សម្តេចទាំងទ្វេមិនដែលមើលរំលងឡើយ ចាត់ឲ្យក្រុមការងារនាំយកស្បៀង ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ ត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីធ្វើយ៉ាងណាដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកពលរដ្ឋចោលឡើយ ត្រូវដោះស្រាយភ្លាមជូនពួកគាត់។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងស្រុក ត្រូវតាមដានពីស្ថានភាពឲ្យបានជាប់ជាប្រចាំ បើស្ថានភាពទឹកបន្តកើនឡើង ត្រូវជូនដំណឹងដល់ពលរដ្ឋ ឲ្យពួកគាត់មានប្រុងប្រយ័ត្ន ពិសេសពលរដ្ឋដែលប្រឈមត្រូវជម្លៀសពួកគាត់ទៅទួលសុវត្ថិភាពដែលយើងបានរៀបចំ។
អំណោយដែលត្រូវចែកជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ មានជីវភាពខ្វះខាត ចាស់ជរា ពិការ និងគ្រួសារកំព្រា ស្ថិតក្នុងឃុំភ្នំដី និងឃុំណាំតៅ ស្រុកភ្នំស្រុក តាមខ្នងផ្ទះ ចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានមួយឃីត រួមមានអង្គរ១៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ រួមនឹងគ្រឿង ឧបភោគ បរិភោគ មួយចំនួន ទៀតផងដែរ ៕