ខេត្តសៀមរាប៖ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ២៨០គ្រួសារ មកពី ៥ឃុំ ស្មើ ៣៤ភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះសាខាខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណសាលាឃុំ ចន្លាស់ដៃ ស្រុកក្រឡាញ់ ។
នាឱកាសនោះឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។ឯកឧត្តមបានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូន បានមួយរយៈខ្លីក៏ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលកាកបាទក្រហមតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា ឬ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ទន្ទឹមនោះឯកឧត្តម ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ–១៩បន្តទៀតទៅតាមកាលកំណត់ នៅតាមទីតាំងមណ្ឌុលសុខភាពក្បែរមូលដ្ឋានខ្លួន ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ–១៩ ចៀសវាងការឆ្លងចូលសហគមន៍ជាថ្មី ព្រោះមេរោគនេះមិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានោះឡើយ ហើយយើងនៅតែជាក្តីព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺដ៍សាហាវនេះ។អំណោយដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ ៕