
គ្រួសារដែលរងគ្រោះ ដោយសារទឹកជំនន់ចំនួន១៥គ្រួសារ នៅឃុំឆ្នុកទ្រូ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង៖លោក អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំប្រធានក្រុមប្រឹក្សាស្រុក លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ លោក លោកស្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូរណ៍ និងសហការី កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២២ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារក្រីក្រចំនួន១៥គ្រួសារ ដែលរងគ្រោះដោយសារទឹកទន្លេឡើងលិចផ្ទះនៅចំណុច(អ្នកតាទាំង) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះ លោក អ៊ុក សារុន បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសម្តេចកិត្តិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយផ្តល់អាទិភាព ចំពោះប្រជាពលរដ្ឋរងគ្រោះ ធ្ងន់ធ្ងរ១៥គ្រួសារជាមុនសិន សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកអំណោយមនុស្សធម៌ មកចែកជូនជាបន្តបន្ទាប់ទៀត ដោយមិនរើសអើង មិនប្រកាន់វណ្ណះ និន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ ពណ៍សម្បុរអ្វីឡើយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែទទួលបាន នូវការឧបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា និងពីសាខាអនុសាខាស្មើៗគ្នា ។
លោកបន្ថែមទៀតថា នៅទីណាមានប្រជាពលរដ្ឋជួបការលំបាក នៅទីនោះមាន មានកាកបាទក្រហមកម្ពុជា សម្រាប់ជួយនូវទុក្ខលំបាករបស់បងប្អូនគ្រប់ៗគ្នាមិនទុកនណាម្នាក់ស្លាប់ដោយសារអត់បាយឡើយ។
ទន្ទឹមនោះលោក ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទៅរស់នៅទីទួល សុវត្តិភាព ជាបណ្ដោះអាសន្ន ពិសេសត្រូវមានការប្រុងប្រយត្នចំពោះក្មេងៗ ជៀសវាងមានហានិភ័យ នៃគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានគ្រប់ពេលវេលា និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ត្រូវយកចិត្តទុកដាក់ អំពីបញ្ហាសុខភាព ធ្វើយ៉ាងណាចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យល្អត្រឹមត្រូវ រស់នៅក្រោមម្លប់សន្តិភាព។
អំណោយដែលត្រូចែកជូនប្រជាពលរដ្ឋនាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ក៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ ៕