ខេត្តស្ទឹងត្រែង៖ជនសង្ស័យ ២នាក់ ក្នុងករណីប្លន់ម៉ូតូជនរងគ្រោះ ចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ និងបាននាំខ្លួនទៅឲ្យធ្វើត្រាប់កាលពីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះពាក់អាវដៃវែង ពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ខ្សែក្រវាត់ពណ៌ខ្មៅ ក្បែរសាកសពមានស្បែកជើងផ្ទាត់មួយគូ។
ចំណែកជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ និងឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិរិទ្ធសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ។
សាច់ញាតិបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែកញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបនៅល្ងាចថ្ងៃទី១៨ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ។ ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏បាត់មិនឃើញដែរ។
ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវរយៈពេល ៨ថ្ងៃ សមត្ថកិច្ចកំណត់បានមុខសញ្ញា រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ខាងលើយកមកធ្វើត្រាប់សកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងក និងក្បាលបណ្ដាលឲ្យផុងលលាដ៍ និងបាក់ក។ ក្រោយធ្វើត្រាប់ក្នុងសកម្មភាពដាក់ខ្នោះ និងយកដំបងវាយប្លន់យកម៉ូតូជនរងគ្រោះរួច ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕