ខេត្តប៉ៃលិន ៖ ដើម្បីសោភ័ណភាពនិងភាពស្រស់ស្អាតជាមុខមាត់ខេត្តផង និងជាមុខមាត់ប្រទេសជាតិផងទើបរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើងដាក់រនាំងដែកធ្វើឲ្យមានភាពស្រស់ត្រកាល។
ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងរដ្ឋបាលសាលាខេត្តសាលាស្រុកសាលាក្រៅ រួមជាមួយនឹងក្រុមយុវជនសសយកខេត្ត បានធ្វើការរៀបចំតុបតែងទ្រូងផ្លូវបំពាក់ផ្ការំដួលបន្ថែមទៀតដោយបំពាក់ ចាប់តាំងពីច្រកទ្វារអន្តរជាតិព្រំ រហូតមកទល់នឹងជិតផ្សារលើមានប្រវែងជាង ២០០០ម៉ែត្រ។
ក្នុងការចុះតុបតែងកែលម្អរៀបចំដាក់ផ្ការំដួលនៅលើទ្រូងផ្លូវនេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ៖ ការរៀបចំតុបតែងដាក់ផ្ការំដួលនៅលើទ្រូងផ្លូវដោយក្រុមការងារនេះ គឺដើម្បីធ្វើឲ្យមានសោភ័ណភាពស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិនកាន់តែច្រើន។
ឯកឧត្តមបានបន្តទៀតថា រហូតមកដល់ពេលនេះសោភ័ណភាពនៅច្រកទ្វារអន្តរជាតិព្រំ ទាំងពេលថ្ងៃនិងពេលយប់ គឺមានការខុសប្លែកពីមុនឆ្ងាយណាស់ដោយរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារឲ្យចុះរៀបចំទ្រូងផ្លូវ ហើយដាំផ្កាដាំស្មៅនៅលើទ្រូងផ្លូវជាហូរហែ ជាពិសេសមកដល់ពេលនេះ គឺក្រុមការងារបានរៀបចំតុបតែងកែលម្អឲ្យមានភាពស្រស់ស្អាតបន្ថែមទៀត ខណៈដែលមានអគារច្រើនជាន់ ខ្ពស់ត្រដែតស្កឹមស្កៃគួរឲ្យគាត់សម្គាល់។
ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្បែរច្រកព្រំដែននាំគ្នា យកចិត្តទុកដាក់ជួយថែរទាំសម្បត្តិរដ្ឋដែលបានរៀបចំនៅពេលឲ្យបានគង់វង់ព្រោះសម្បត្តិរួមទាំងអស់គ្នា។ ហើយម្យ៉ាងទៀតសូមបងប្អូនថែរក្សាបរិស្ថានអានាម័យដោយទុកដាក់សម្រាមក៏ដូចជាថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវ មិនឲ្យមាននៅលើទ្រូងផ្លូវ ដើម្បីឲ្យភ្ញៀវមានការកោតសរសើរអំពីសោភ័ណភាពនៃច្រកទ្វារមួយនេះ ហើយជាពិសេសពេលបានមកលេងនៅខេត្តយើងហើយចងើមកលេងទៀត។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា នេះគឺជាកេរ្តិ៍មរតកដ៏មានតម្លៃ ទុកសម្រាប់កូនចៅជំនាន់ក្រោយ៕