
លោកជំទាវ បាន ស្រីមុំ បន្តដឹកនាំក្រុមការងារ ចុះរៀបចំបោសលាងសំអាត បរិស្ថាន សណ្តាប់ អនាម័យ ដើម្បីបង្កើនសោភ័ណភាព និងសុវត្ថិភាពកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ដែលនឹងមកកំសាន្តនៅរមនីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ
ខេត្តប៉ៃលិន៖នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមងារ មន្រ្តីរាជការគ្រប់ស្ថាបន និងយុវជន ស.ស.យ.ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើងទៅនិងបោសសម្អាតបាញ់ទឹកលាងស្លែ ដើម្បីសម្រួលដល់ការមកកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណៈថ្ងៃបុណ្យភ្ជុំធំកាន់តែខិតកៀកជិតមកដល់។
ហើយនៅថ្ងៃបុណ្យភ្ជុំធំមកដល់ គេសង្ឃឹមថា នឹងមានភ្ញៀវទេសចរ ចូលមកលេងកាន់តែច្រើន ខណ:ទឹកជ្រោះមានច្រើនជាន់ ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវចុះទៅលេង បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។
ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើ ជាកន្លែងដែលមានទេសភាពស្រស់ស្អាតជាងរមណីយដ្ឋាននានា នៅទូទាំងខេត្តប៉ៃលិន ខណ:ដែលផ្លូវចូលទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើមផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង៕