ខេត្តបន្ទាយមានជ័យ៖បុណ្យកាន់បិណ្ឌ វេនទី៥ ត្រូវនឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងសហការី តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី និងក្រុមការងារយុវជន ស.ស.យ.ក ខេត្ត បាននាំយកបច្ច័យ ចំនួន២៧.៤៥៩.០០០ រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀលលិច–កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំម្តង តាមប្រពៃណីនៃព្រះពុទ្ធសាសនា និងដើម្បីជាការដឹងគុណ ឧទ្ទិសកុសល ជូនដល់បុព្វការីជន មាន មាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សន្តាន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។
បច្ច័យដែលត្រូវប្រគេនព្រះសង្ឃសរុប ចំនួន ២៧.៤៥៩.០០០ រៀល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ព្រះសង្ឃចំនួន៣៨អង្គ ១អង្គ ប្រគេន៤១ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ស្លាដក់១ ភេជសជ្ជ:១កន្ត្រក និងនំបញ្ចុក សម្លការី ចំនួន១០០គីឡូក្រាម សម្រាប់ជូន លោកយាយ លោកតា ពុទ្ធបរស័ទ ពិសារក្នុងពិធីបុណ្យនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាល សួរសុខទុក្ខ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទ។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕