ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។ក្នុងនោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត លោក–លោកស្រីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុងជាច្រើនរូបផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានលើកឡើងថា៖ រាល់បញ្ហាប្រឈម ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ រួមមានបញ្ហាទឹកស្អាត ភ្លើងអគ្គីសនី ការងារកសិកម្មមន្ទីរដែលពាក់ព័ន្ធត្រូវទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង–ស្រុក, ឃុំ–សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមកមិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច ជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិន អាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។
ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សា បានបន្តថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវ មានឆន្ទៈមោះមុត និងភាពស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ ចំពោះបញ្ហាជម្ងឺកូវីដ–១៩ រាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានទាន់ពេលវេលានៅទូទាំងប្រទេស ចាប់ពីកុមារ រហូតដល់មនុស្សចាស់ ដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ និងនិន្នាការ ព្រមទាំងដាក់ ចេញនូវវិធានការនានា ចំគោលដៅ ជាពិសេស ៣ការពារ ៣កុំ ហើយជាលទ្ធផលបច្ចុប្បន្នស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ–១៩ មានភាពល្អប្រសើឡើងវិញ នេះគឺសបញ្ជាក់អោយឃើញពី សមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ–១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីជំនាញ អាជ្ញាធរ និង កងកម្លាំងគ្រប់ជាន់ថ្នាក់ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ត្រូវខិតខំ ពង្រឹងសណ្ដាប់ធ្នាប់ សន្តិសុខសង្គមឱ្យបានល្អជូនប្រជាពលរដ្ឋ ហើយចំពោះទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ–១៩ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ៕