ខេត្តកោះកុង៖អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចំនួន៥ រូបបន្ថែមទៀត ត្រូវបានប្រកាសចូលកាន់មុខតំណែង នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។ ពិធីនេះបានធ្វើនៅសាលមហាស្រពខេត្តកោះកុងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ឯកឧត្តមអគ្គនាយករង ឯកឧត្តម ប្រតិភូអមដំណើរគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទី រអង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការផងដែរ។
អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចំនួន៥ រូបបន្ថែមទៀត ដែលត្រូវបានប្រកាសតែងតាំង រួមមាន
ទី១ លោកស្រី ឈី វ៉ា
ទី២ លោក ហាក់ ឡេង
ទី៣ លោក ឈេង សុវណ្ណដា
ទី៤ លោក អន សុធារិទ្ធ
ទី៥ លោកស្រី អុី នារីនេត
ជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ អភិបាលខេត្ត បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពល្អប្រសើរក្នុងការឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឱ្យមានការបំពេញបន្ថែមនូវ ចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី–ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស នេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត ។
ទទឹមនេះដែរលោកស្រីអភិបាលខេត្ត បានសំដែងការអបអរសាទរចំពោះការតែងតាំងអភិបាលរងខេត្តចំនួន៥ រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួន ឱ្យអស់ពីលទ្ធភាពធ្វើយ៉ាងណា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អ និងសុវត្ថិភាព ។
ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញនូវសេចក្ដីសោមនោស្សរីករាយ និងកោតសរសើរចំពោះគេចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងទាំងបី បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឲ្យខេត្តមានការរីកចម្រើន និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគួរឲ្យកត់សំគាល់ ក្នុងការបន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងធនធានមនុស្សកាន់តែរីកចម្រើន និងលើកស្ទួយផ្នែកអេកូទេសចរណ៍ឲ្យកាន់តែមានសក្ដានុពលផងដែរ ហើយបង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានធូរមួយកម្រិតទៀត។ ឯកឧត្តម គណៈធិបតី បានជំរុញដល់អភិបាលរងខេត្តថ្មី ដែលទើបបានតែងតាំងថ្មីឡើងប្ដេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាអភិបាលរងខេត្តកោះកុង មិនថាអភិបាលរងថ្មី ឬអភិបាលរងខេត្តចាស់នោះទេ ត្រូវខិតខំបំពេញកាតព្វកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនទាំងក្នុងរដ្ឋបាលខេត្ត និងជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ ៕