ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅជាប់ប៉ុស្តិ៍ប៉ូលីស បែរ​ជាមិនបង្ក្រាបព្រោះខ្លាច​មានភ្លើងខៀវពីលើ ទី​តាំងសង្វៀនជល់​មាន់ និងអាប៉ោង ស្ថិតនៅភូមិ​ល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖មនុស្សជាច្រើនកំពុងតែ​មានការជួបជុំប្រមូលផ្ដុំនៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុក​កងមាស ខេត្តកំពង់ចាម។

ការជួប​ជុំប្រមូលផ្ដុំនេះនៅជាប់ប៉ុស្តិ៍នគ​របាលឃុំស្តៅ ប្រមាណជា២០០ម៉ែត្រ គឺប្រមូលគ្នាម​កលេង​ល្បែងស៊ីសងជល់មាន់ និងអាប៉ោងភ្នាល់​លុយជាច្រើន​ដោយអ្នកម​កលេងជិះសុទ្ធតែឡានទំនើបៗ និងមាន​អ្នកមើលផ្លូវយ៉ាង​ប្រុងប្រយ័ត្នបំផុត​ដែលមិន​អាចឲ្យអ្នក​សារព័ត៌មាន​អាចចូលទៅផ្តិត​រូបភាពបាននោះទេ។

ករណីល្បែងស៊ីស​ងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ បើនិយាយទៅ មិនមាន​សមត្ថកិច្ចណា​ម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ ព្រោះសមត្ថកិច្ចម្នាក់ៗ ឆ្លើយថារវល់គ្រប់ៗគ្នា។

ពលរដ្ឋស្នើសុំ​លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាជួយ​ពិនិត្យបង្ក្រាប​ទីតាំងល្បែង​ស៊ីសងខុសច្បាប់ខាងលើនេះផង ព្រោះសមត្ថកិច្ចថ្នាក់​មូលដ្ឋានមិ​នហ៊ានបង្ក្រាប​នោះទេ។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់​បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្តរាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិឃុំមាន​សុវត្ថិ​ភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ី​សងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន ហើយ​បើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បាន​ចែងផ្ត​ន្ទាទោសអ្នកញៀន​ល្បែងស៊ីសង ផ្អែកតាម

មាត្រា​៤៖ ជនណា​លេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៉ឺ​នរៀល រឺ ដាក់គុកពី​១សប្តាហ៍ ដល់១ខែ។ក្នុងករណី​ពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

មេបនល្បែងស៊ីសង ផ្អែកតាម

មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិ​ងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុក​ខាងលើនេះជាអតិបរមា។

ជុំវិញសកម្មភាពល្មើសច្បាប់មហាជនក៏ដូចជាអ្នកសារព័ត៌មាន រងចាំមើលតើលោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ហ៊ានបង្ក្រាបចំពោះស​កម្មភាពជួបជុំល្បែងស៊ី​សងជល់មាន់នេះ​បានដែរឬទេ ហើយភ្នាក់ងាររបស់យើងនឹងរងចាំការបំភ្លឺ ក្នុងករណីនេះគ្រប់ពេលម៉ោងធ្វើការ៕