ខេត្តប៉ៃលិន៖ក្រោយពីសង្កេតឃើញពីស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយវ័យចំណាស់ទុគ៌តម្នាក់ ដែលជាអ្នកចំណូលថ្មី មកស្នាក់អាស្រ័យនៅក្នុងខេត្តប៉ៃលិន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ជួបការលំបាកខ្លាំង ព្រោះគាត់ចាស់ជរា មានជម្ងឺប្រចាំកាយផងនោះ ទើបនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅសួរសុខទុក្ខជួយសង់កូនផ្ទះ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីមានកន្លែងស្នាក់អាស្រ័យសមរម្យ មានស្បៀងអាហារទទួលទានមួយរយ:ពេលធំផងដែរ។
ប្រភពព័ត៌មានពីលោក នឹម អឿន ចៅសង្កាត់ប៉ៃលិន បានឱ្យដឹងថា៖ លោកយាយទុគ៌តខាងលើ មានឈ្មោះ អៀន ដុះ អាយុ ៦៦ឆ្នាំ ជាអ្នកចំណូលថ្មី បានមកស្នាក់អាស្រ័យ ក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។
ប្រភពបន្តទៀតថា លោកយាយគ្មានកូនចៅនឹងគេនោះទេ ខណ:ប្តីរបស់ខ្លួន បានស្លាប់ចោលអស់រយ:ពេលជាយូរឆ្នាំមកហើយ ដោយចូលមកសុំដីអ្នកភូមិខាងលើសង់កូនផ្ទះស្នាក់អាស្រ័យនៅបណ្តោះអាសន្ន ហើយបានអ្នកភូមិផ្តល់ម្ហូបអាហារប្រចាំថ្ងៃ ដើម្បីបន្តជីវិតរស់នៅ។ ប៉ុន្តែ បន្ទាប់ពីថ្នាក់ដឹកនាំខេត្តសង្កេតឃើញពីបញ្ហាជីវភាពលំបាកលំបិន ដោយខ្ទមលេចធ្លុះធ្លាយ លំបាកស្នាក់នៅ ក៏ចាត់ឱ្យខាងលោក ដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្ត ចុះទៅសង់ខ្ទមថ្មីជូនគាត់ស្នាក់នៅតែម្តង។
សូមបញ្ជាក់ថា កាលពីមុនគាត់ បានសុំដីអ្នកភូមិសង់កូនផ្ទះស្នាក់នៅ ហើយនៅពេលនេះ ដោយ សារតែម្ចាស់ដីគេប្រកាសលក់ គាត់ក៏សុំដីអ្នកជិតខាងម្នាក់ទៀត ដើម្បីស្នាក់នៅបណ្តោះអាសន្នទម្រាំតែអស់ជីវិតនៅលើផែនដី ។លោកយាយ ក៏លើកម្រាមដៃ១០ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ដែលបានលះបង់ពេលវេលា ចំណាយកម្លាំងកាយចិត្ត រួមទាំងថវិកា ចុះទៅសង់ផ្ទះជូនគាត់ស្នាក់នៅ ជាពិសេសនោះ គឺបានផ្តល់ម្ហូបអាហារជូនគាត់ទទួលទានជាប្រចាំ។ លោកយាយ ក៏សូមជូនពរដល់លោកជំទាវ និងក្រុមការងារ ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន គ្រប់ពេលវេលា ប្រកបការងារ ទទួលបានជោគជ័យជានិច្ចនិរន្តន៍ផងដែរ។
អំណោយដែលផ្តល់ជូនលោកយាយ រួមមាន ៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៥យួរ ភេសជ្ជ:ទឹកត្រចៀកកាំ១យួរ ទឹកប្រទាលកន្ទុយក្រពើ១យួរ អំបិលអ៊ីយ៉ូត១គីឡូក្រាម ស្ករស១គីឡូក្រាម ម្សៅស៊ុប១កញ្ចប់ ថ្នាំពេទ្យ និងថវិកា១០ម៉ឺនរៀលផងដែរ៕