(បន្ទាយមានជ័យ)៖លោក ស្រេង សុផល អតីតជាសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ជំនួសលោក ហ៊ឹល រ៉ាយ៉ា ដែលត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។ពិធិប្រកាសចូលកាន់មុខតំណែងអភិបាលកក្រុងសិរីសោភ័ណនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
នាឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណថ្មី្ម ដែលទើបឡើងកាន់តំណែងបានឡើងប្តេជ្ញាចិត្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ទាំងសេវាតម្រូវការ និងសេវាសំណូមពររហ័សលឿន ទទួលយកបានមានប្រសិទ្ធភាព។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះលោកអភិបាលក្រុងសិរីសោភ័ណថ្មី ដែលបានទទួលតំណែងនាថ្ងៃនេះ គឺធ្វើយ៉ាងណាត្រូវប្រើប្រាស់ឱ្យអស់នូវចំណេះដឹង ជំនាញរបស់ខ្លួន គ្រប់គ្រងការងារដឹកនាំមន្ត្រីក្រោមឱវាទឲ្យបានល្អ កុំប្រកាន់បក្សពួក ពិសេសរួមសាមគ្គីផ្ទៃក្នុង សហការជាមួយមន្ត្រីពាក់ព័ន្ធ ធ្វើការងាររួមគ្នាក្នុងគោលបំណងសម្រេចឲ្យបានលទ្ធផលគាប់ប្រសើរ ។ជានេះទៀតត្រូវរួមសហការឲ្យបានស្អិតល្មួត ធ្វើការជុំគ្នា នៅជាមួយគ្នា ជាមួយក្រុមប្រឹក្សាក្រុងទាំងអស់ ដើម្បីសំដៅបម្រើប្រជាពលរដ្ឋលើសេវាសាធារណៈឲ្យបានល្អ មានតម្លាភាពប្រសិទ្ធភាព អាចជឿទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ។
ជាចុងក្រោយឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់អស់លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីសាលាក្រុង ក្រុមប្រឹក្សាក្រុង សង្កាត់ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចូលរួមសហការជាមួយអភិបាលក្រុងថ្មី ធ្វើយ៉ាងណាឱ្យដំណើរការអនុវត្តច្បាប់ ដែលថ្នាក់លើប្រគល់ជូនព្រមទាំងបំពេញឲ្យបានល្អប្រសើរ ៕