(បន្ទាយមានជ័យ) ៖ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចអាគារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនទៅកាន់មូលដ្ឋានកងអាវុធហត្ថក្រុង ចាត់ការតាមនិតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូផារ៉ាត ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តិការនោះកម្លាំងអាវុធហត្ថ ដកហូតបាននូវវត្ថុតាងរួមមានៈម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង ,កូនកាំប៊ិត ដងជ័រចំនួន០១ដើម,កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១,អត្តសញ្ញាណបណ្ណសញ្ជាតិថៃ ចំនួន១សន្លឹក។ក្រោយឃាត់ខ្លួន និងសួចម្លើយជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដមែន ។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕