រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។
ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា រហូតពេលបច្ចុប្បន្នររាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ ។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បង្ហើប ថា រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯមនាពេលខាងមុខផងដែរ។
ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ លោក ខឹម វាសនា។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បំណង លោក ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ សម្តេចតេជោបានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវនាវអោយប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។ នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោកខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯកនោះទេ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ៕