(រតនគិរី)៖ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានជម្រុញអោយគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត.ក្រុង.ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារ
ណៈ ឱ្យបានល្អប្រសើរបន្ថែមទៀត. ពិនិត្យតាមដាន និងទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាគ្រឿងញៀន លួច ឆក់ ប្លង់ ចរាចរណ៍ ក្មេងទំនើង. ត្រូវពង្រឹង និងទប់ស្កាត់ ល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ឱ្យខាងតែបាន.ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង
គណនេយ្យភាព. ពង្រឹងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព.ត្រូវខិតខំណែនាំ
និងបំផុសចលនា ថែរក្សាអនាម័យបរិស្ថាន ជូនប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា។
ការជម្រុញរបស់ឯកឧត្តម អភិបាលខេត្តបែបនេះគឺ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានប្រារព្ធធ្ធើឡើងនៅសាលប្រជុំអគារAសាលាខេត្ត។ ក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿនក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងជោគជ័យនេះក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយ ដូចជា បញ្ហាក្មេងទំនើង បញ្ហាបទល្មើសធនធានធម្មជាតិ ពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលបញ្ហាទាំងនេះទាមទារឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត. ក្រុង. ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាពេលនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត លោក
អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត ។ ហើយរបៀបវារៈដែលនកិច្ចប្រជុំរួមមាន៖
-របាយការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៤។
-បទអន្តរាគមន៍បទល្មើសធនធានធម្មជាតិ
-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា។
-បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ៕