ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) បានអនុញ្ញាតឱ្យ ឯកឧត្តម Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDIនិងគណៈប្រតិភូ COPPAL ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងពេលនេះ។ សម្តេចបានមានប្រសាសន៍ថាការអញ្ជើញមកចូលរួមកម្មវិធីជាច្រើនកន្លងមក និងការអញ្ជើញមកទស្សនាប្រទេសកម្ពុជាច្រើនលើករបស់ ឯកឧត្តមប្រធាន គឺជាការផ្តល់កិត្តិយស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ឯកឧត្តម ចំពោះប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលឯកឧត្តមប្រធាន រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី ១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ បន្តទៀត។ សម្តេចតេជោ បានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន នៅពេលដែលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកបដោយភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោបាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំសន្តិភាពត្រឡប់មករកពិភពលោករបស់យើងវិញ។

នៅក្នុងឱកាសនោះ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDI បានសម្តែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលតែងតែផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃទទួលជួប ឯកឧត្តម និងគណៈប្រតិភូគ្រប់ពេលដែល ឯកឧត្តម និងគណៈប្រតិភូបានមកចូលរួមប្រជុំ និងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រធាន បានបន្តថា កិច្ចប្រជុំ CDI នៅខេត្តសៀមរាប ដែលទើបតែបញ្ចប់ទៅនេះ ពិតជាទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាល្អបំផុត។ ជាមួយគ្នានេះដែរ ឯកឧត្តម និងគណៈប្រតិភូ ក៏បានទៅទស្សនាពិធីបុណ្យអុំទូក នៅខេត្តសៀមរាបផងដែរ ដែលព្រឹត្តិការណ៍នេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ ឯកឧត្តម និងគណៈប្រតិភូ។

ឯកឧត្តមប្រធាន ក៏បានរំលឹកពីដំណើរទស្សនកិច្ចនាពេលកន្លងមក ដែលឯកឧត្តម បានមកទស្សនាប្រទេសកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ២០០៨ មានដូចជាកិច្ចប្រជុំ CDI ICAPP និងបេសកកម្មជាអ្នកសង្កេតការណ៍បោះឆ្នោត ព្រមទាំងកម្មវិធីសម្ពោធក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលធ្វើឡើងនៅខាងមុខទីលានជល់ដំរី នៅខេត្តសៀមរាប។

ឯកឧត្តមប្រធាន ក៏បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ី និងកម្ពុជា ដែលបានរងគ្រោះដោយសារសង្រ្គាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេលនៃការបះបោររបស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។

ឯកឧត្តមប្រធាន បានបន្តថា ឯកឧត្តមពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។ ឯកឧត្តម ក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។
ឯកឧត្តមប្រធាន បានរំលឹកជូន សម្តេចតេជោ ពីប្រវត្តិស្វែងរកសន្តិភាពនៅពេលដែលនឯកឧត្តមជាបេក្ខជននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានាធិបតីសម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សឆ្នាំ ១៩៩០។

ឯកឧត្តម បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ ឯកឧត្តមបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សាដើម្បីសន្តិភាព។ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រធានអង្គការ COPPAL ដែលជាដៃគូរបស់ CDI បានជម្រាបជូនសម្តេចតេជោ ថានេះជាលើកទីមួយ ដែលលោកស្រីបានមកទស្សនាប្រទេសកម្ពុជា ហើយម្សិលមិញនេះក្រោយពីបានទៅទស្សនានៅសារមន្ទីរគុកទួលស្លែង លោកជំទាវ ពិតជាមានអារម្មណ៍សោកសង្រេង និងតក់ស្លុតយ៉ាងខ្លាំង។ លោកជំទាវ បានបន្តទៀតថា ក្នុងនាមជាប្រធាន COPPAL តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣ គណបក្ស លោកជំទាវប្តេជ្ញា គាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់ គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកជំទាវ ក្នុងនាមជាប្រធាន នឹងសូមគាំទ្រវីរភាពដឹកនាំ ទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ ដែលសម្តេចតេជោបានធ្វើ និងបូជាជូនប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានតម្លៃ និងការគាំទ្រស្មារតី និងសកម្មភាពរបស់ប្រទេសកម្ពុជាក្នុងបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាមិនអាចឱ្យបរទេសណា មកកាន់ជោគវាសនារបស់ប្រទេសខ្លួនបានឡើយ ហើយប្រសិនបើសង្រ្គាមផ្ទុះឡើងសាជាថ្មី មិនអាចមាន ហ៊ុន សែន លើកទីពីរ មកបញ្ចប់សង្រ្គាមបាននោះទេ។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ គ្មានទេស្តង់ដារមួយនោះ សម្រាប់ការស្វែងរកសន្តិភាព ហើយស្តង់ដារមួយមានតែនៅក្នុងវិស័យកីឡាប៉ុណ្ណោះ។ យុត្តិធម៌ពិតប្រាកដ គឺជាយុត្តិធម៌ដែលមនុស្សគ្រប់រូប អាចទទួលយកបាន ហើយនេះគឺជាចំណុចសំខាន់ដែលបណ្តាគណបក្សនយោបាយគួរគិតគូរ។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរ ឯកឧត្តមប្រធាន CDI និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្ម និងទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា និងសង្ឃឹមថាគណៈប្រតិភូ នឹងបន្តស្នាក់នៅ និងចូលរួមកិច្ចប្រជុំ IPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តទៀត៕

Leave a Reply

Your email address will not be published.