ក្រោយកើតហេតុការណ៍ដ៏អមនុស្សធម៌នេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាឱ្យជំនាញពាក់ព័ន្ធចុះធ្វើអធិការកិច្ចរកឃើញថា មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ជាទីតាំងផ្តល់សេវាសុខាភិបាលឯកជន«ឥតច្បាប់» នេះបើតាម សេចក្តីបំភ្លឺរបស់ មន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖
១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យមានសកម្មភាពជាដាច់ខាត
២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន
៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួងសុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជា់ថា បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងគុម្ពព្រៃ ដោយមានក្មេងម្នាក់យំអោបសពយ៉ាងអាណោចអាធ័មផង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី សមត្ថកិច្ចនគរបាលស្រុកបាទី ដឹកនាំដោយ លោកវរសេនីយឯក ឆាយ កែវមុន្នី បានសហការជាមួយជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានទៅឃាត់ខ្លួន វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណែក ស្វាមីឈ្មោះ ហៀង សុងហាក់ ជាពេទ្យដែរនោះ សមត្ថកិច្ចកំពុងសាកសួរ គិតត្រឹមម៉ោង៨ៈ០០យប់ ថ្ងៃទី១៩ ខែវិច្ឆិកា។
ប្រភពពីអធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួររួច វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា បានឆ្លើយសារភាពថា នៅថ្ងៃទិ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺ សុងហាក់ ម៉ារីណា របស់ខ្លួន ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ថា ត្រូវព្យាបាលរយ:ពេល០៥ថ្ងៃ តែឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរយ:ពេល ០៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតាមីនសេ 1g ស៊ីមេទីឌីន 200g សង់តាមីសីន 80mg ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី ០៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល។
ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង ក្រោយឈ្មោះ ណាំ ចាន់ធូស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បានយកសពដាក់រថយន្តពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុកឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរ ព្យាយាមលាក់ ។
តើវេជ្ជបណ្ឌិត ស៊ុន ម៉ារីណា ពិតជាអាចលើកសពតែម្នាក់ឯង យកទៅទម្លាក់ចោល ឬមានបុគ្គលណាខ្លះឃុបឃិត?
តើអ្នកណាជាអ្នកយកម៉ូតូជនរងគ្រោះទៅផ្លុងចោល?…៕