ព័ត៌មានសន្តិសុខសង្គម

លោក កន សុខកាយ ហ៊ានចំណាយប្រាក់៣០ម៉ឺនដុល្លារ ជូនគ្រូមា ដើម្បីបានតំណែងអភិបាលក្រុងអរិយក្សត្រ តើលោក កន សុខកាយ គេចផុតពីសំណាញ់ច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយដែលឬទេ?

(ភ្នំពេញ)÷ សមត្ថកិច្ចជំនាញចាប់ខ្លួនហើយជនពាក់ព័ន្ធករណីអំពើពុករលួយឆបោកជាមួយគ្រូមា លី សាម៉េត ដែលគេដឹងថា ជនពាក់ព័ន្ធទាំងនោះបាននិងកំពុងព្យាយាមរត់គេចខ្លួនហើយជាងនេះទៅទៀត អ្នកដែលបានចំណាយប្រាក់ដើម្បីទទួលបានមុកតំណែង ក៏កំពុងភ័យខ្លួនថា តើអាចដេកសុខបានដែរឬទេ? ពោល គឺលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ពេលនេះលែងសុខហើយ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពបន្ទាប់ពីចំណាយលុយច្រើនរហូតដល់ទៅ៣០ម៉ឺនដុល្លារ ព្រោះចង់បានតំណែងអភិបាលក្រុងអរិយក្សត្រ។ តើសំណាញ់ច្បាប់អាចនឹងពង្រីក ដើម្បីបន្តចាប់ខ្លួនអ្នកដែលបានចំណាយប្រាក់នេះដែរឬទេ?។

លោក កន សុខកាយ ចំណាយប្រាក់៣០ម៉ឺនដុល្លារ ជូនគ្រូមា ដើម្បីបានតំណែងអភិបាលក្រុងអរិយក្សត្រ ដែលនេះជាការបង្ហាញឲ្យឃើញអំពីទម្រង់ នៃអំពើពុករលួយដ៏ធំមួយនិងធ្វើឲ្យខូចមុខមាត់រាជរដ្ឋាភិបាល ដែលកំពុងមមាញឹកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

បើសំណាញ់ច្បាប់ត្រូវបានពង្រាយអនុវត្តគឺសង្ស័យថា សូម្បីតែលោក កន សុខកាយ អាចនឹងត្រូវ “ប្រាក់ក៏បង់ថង់ក៏ដាច់” ស្របពេលដែលមានសេចក្តីរាយការណ៍ថា : បណ្ដាជនផ្សេង ទៀតដែលពាក់ព័ន្ធនឹងអំពើពុករលួយជាមួយគ្រូមា ពេលនេះកំពុងរត់គេចខ្លួន ដែលរួមមានដូចជា ឈ្មោះ ឡាច សំរោង ជាដើម។

ត្រីធំ១ត្រូវបានចាប់រួចហើយជាមួយគ្នានោះបណ្ដាជនពាក់ព័ន្ធផ្សេងទៀតដូចជាឈ្មោះ មួង ឃីម, អ៊ុត ធី, ដែលគេយល់ថា នៅមានជនពាក់ព័ន្ធផ្សេងទៀតដែលត្រូវចាប់ខ្លួន រួមទាំងអ្នកខាតបង់លុយផងដែរ ដូចជាលោក កន សុខកាយ ជាដើម។

គួរឲ្យដឹងផងថា : អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួនលោក មួង ឃីម អតីតមន្ត្រីនគរបាលនិងលោកឧកញ៉ា អ៊ុត ធី ជាឈ្មួញរកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ បុគ្គលទាំងពីរនាក់នេះត្រូវរាយការណ៍ថា ជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងគ្រូមា បានធ្វើសកម្មភាពបោកប្រាស់យកលុយពីបណ្ដាជនដែលមានប្រាក់នៅក្នុងប្រទេស។

បើទោះជាយ៉ាងណាក៏ដោយសេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា ជាមេខ្លោង ដែលរួមមាន : ឈ្មោះ ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។ ក្នុងករណីខាង លើនេះ គេនិយាយថា វាជាប្រព័ន្ធនៃអំពើពុករលួយដែលគុបគិតគ្នាដោយមេគំនិតធំៗរួមមានគ្រូមា និងលោក ដួង ដារានោះជាដើម។ សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា : សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក មួង ឃីម អតីតមន្រ្តីនគរបាលជាតិ ពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថា រកស៊ីខាងវាយថ្ម និងធ្វើផ្លូវ។ នៅមានជនពាក់ព័ន្ធមួយចំនួនទៀត រួមទាំងជនរងគ្រោះនោះផង ដែលមួយចំនួនមិនទាន់ហ៊ានបង្ហាញមុខនៅឡើយ។ នេះគឺជាអ្វីដែលគេមើលឃើញថា ស្ថិតក្រោមកំណែទម្រង់មួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចធិបតីហ៊ុន ម៉ាណែត នោះគឺមិនមែនតែ ជនដែលជាអ្នកផ្ដើមគំនិតអំពើឆបោកនោះទេដែលត្រូវជាប់ទោស សូម្បីតែអ្នកដែលត្រូវគេបោកក៏ត្រូវមានទោសផងដែរ។ ដូច្នេះគេរំពឹងថា យុត្តិធម៌នឹងមានសម្រាប់ជនរងគ្រោះនិងជន ល្មើស៕

Leave a Reply

Your email address will not be published.