ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌលសុខភាពពារាម ស្រុកបាទី

ខេត្តតាកែវ:អាគារមណ្ឌលសុខភាពពារាម ស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងសប្បុរសជនមកពីប្រទេសបារាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី អភិបាលស្រុក ក្រុងសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ទ យុវជន ស.ស.យ.ក. ផងដែរ។

 

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន មកពីប្រទេសបារាំង និងលោកវេជ្ជ ឡោ គឹមសុង ដែលបានដឹកនាំក្រុមគ្រូពេទ្យមកពីប្រទេសបារាំង បានចំណាយថវិកាផ្ទាល់ខ្លួន សម្រាប់សាងសង់មណ្ឌលសុខភាពពារាម ជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបំរើសេវាសុខភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ ។

ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានថ្លែងថា អាគារពេទ្យថ្មី មណ្ឌលសុខភាពពារាមនេះ ប្រាកដជាក្លាយទៅជាកន្លែង បម្រើសេវាសុខាភិបាលជូនបងប្អូន ប្រជា ពលរដ្ឋ ក្នុងមូលដ្ឋាននេះផ្ទាល់ ហើយក្នុងនោះដែរ សប្បុរសជន និងក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង បាននាំយកនូវសម្ភារៈ បរិក្ខា ពេទ្យទំនើបៗ ថ្នាំសង្កូវជាច្រើន សម្រាប់បម្រើ និងពិនិត្យព្យាបាល ជំងឺដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាបងប្អូនមូលដ្ឋានផ្សេងទៀត ដែល មានទីលំនៅក្បែរស្រុកភូមិនេះដែលមានជំងឺ អាចចូលមកសម្រាកព្យាបាលនៅទីនេះ ដោយមិនចាំបាច់ ធ្វើ ដំណើរទៅព្យាបាលនៅទីរួមខេត្ត ឬ នៅរាជធានី ភ្នំពេញនោះទេ៕

Leave a Reply

Your email address will not be published.