ខេត្តកណ្តាល៖សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកក្រុង-ស្រុកចំនួន៤ ក្នុងខេត្តកណ្ដាលដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ហើយមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំ-សង្កាត់វិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត៕