ខេត្តកំពង់ចាម៖ទំនាស់ដីធ្លីរាំរ៉ៃជាង១៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រោមការសម្របសម្រូលពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ដោយដោះតាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ទទួលបានជោគជ័យត្រឹមរយៈពេលជាង ៣ម៉ោង។ក្នុងការដោះស្រាយនោះដ៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដោយចុះពិនិត្យទីតាំងទំនាស់ ករណីស្នើសុំបើកផ្លូវរធ្លា ស្ថិតក្នុងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ ដែលមានភាគីដើមបណ្តឹង ចំនួន ៨គ្រួសារ និងភាគីចុងបណ្តឹង ចំនួន ១គ្រួសារ។
ក្រោមកិច្ចសម្រុះសម្រួល និងដោះស្រាយដោយភាពប៉ិនប្រសព្វរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យទំនាស់រាំរ៉ៃជាង១៥ឆ្នាំ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយភាគីចុងបណ្តឹង និងភាគីដើមបណ្តឹង ឯកភាពគ្នាក្នុងការបើកផ្លូវធ្លា ចាប់ពីដើមផ្លូវ រហូតទៅដល់ចុងផ្លូវ មានប្រវែង១៤១,៤៨ម៉ែត្រ និងបានព្រមព្រៀងគ្នាដោយបរិច្ចាកជាថវិកា និងបរិច្ចាកដីធ្លីសម្រាប់បើកផ្លូវធ្លាខាងលើជាប្រយោជន៍សាធារណៈផងដែរ ៕