(ភ្នំពេញ)៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកទី១៨ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីស្ថានភាពកូវីដ–១៩ នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់៥នាក់ និងរបួស១០នាក់។ ស្ថានភាពនេះ ដោយសារតែកំណើននៃការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញកាន់តែច្រើន។
សម្ដេចបន្តថា បើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាពចរាចរណ៍ជាសកលឃើញថា រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ចំនួន ៤ ៧២០នាក់ ស្មើនឹង៦៤ភាគរយ នៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថា នៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។
សម្ដេចក្រឡាហោម បញ្ជាក់ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ បានតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោធន៍យកមកដោះស្រាយបញ្ហាប្រឈម ក្នុងនោះដូចជាមូលហេតុនៃគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពជាដើម។សម្ដេចបន្ថែមថា «យើងប្រមូលផ្ដុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។
ជាមួយគ្នានោះសម្ដេចក្រឡាហោម ក៏បានជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើនការអប់រំអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណភាពសាលាបង្រៀនបើកបរយានយន្តដោយពិនិត្យលើការលើកកម្ពស់សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាព នៃការប្រឡងយកបណ្ណបើកបរ។ សម្ដេចក៏បានណែនាំបន្តគាំទ្រការបំពាក់ការមេរ៉ាអចល័តតាមដងផ្លូវជាតិ និងរិះរកវិធីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់។
ទន្ទឹមនោះសម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំងបន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់ និងបង្ក្រាបការនាំចូលរថយន្តចង្កូតស្ដាំតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ៕