(បន្ទាយមានជ័យ)៖ដោយទឹកចិត្តអាណិតស្រលាញ់ រវាងប្រជាជនរស់នៅលើទឹកដី នៃកោះតៃវ៉ាន់មកលើប្រជាជនខ្មែរយើង ផ្ដោតសំខាន់លើវិស័យអប់រំ ដែលជាវិស័យអត្ថិភាពខ្ពស់ជាងគេនោះ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់អង្គការ FRA “ហ្រ្វា” ប្រចាំនៅកម្ពុជា តាមរយៈមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានធ្វើការប្រគល់ប្រគេន សម្ភារៈម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័របន្តទៀត ប្រគេនដល់ព្រះសង្ឃកំពុងសិក្សារៀនសូត្រ តាមស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយស្រុក ក្រុងៗ ទទួលបានកុំព្យូទ័រ ១០ គ្រឿងនិងម៉ាស៊ីនព្រីនធ័រ ០១ គ្រឿង ដោយសរុបថវិកាទាំងអស់ចំនួន ២,៣៦៩០ដុល្លារសហរដ្ឋអាមេរិច។ដោយឡែកសម្រាប់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២ នេះ ក្រុមការងារនៃអង្គការ FRA រួមដំណើរដោយលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាននាំយកនូវសម្ភារៈម៉ាស៊ីនកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ មកប្រគេនដល់ព្រះសង្ឃក្នុងស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុកនិងស្រុកថ្មពួក។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា រយៈកន្លងមកប្រជាជនរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ តាមការគៀងគរមូលនិធិពីអង្គការគ្រួសារកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំង អ៊ួយលីន ជានាយិការ តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់រំសិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈថវិកា ផ្ដល់អាហារូបករណ៍ប្រគេនដល់ព្រះសង្ឃរាងរាល់ឆ្នាំ ដើម្បីបានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។
ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការ “FRA” ជាពិសេសអរគុណដល់ប្រជាជនតៃវ៉ាន់ ដែលតែងតែជួយផ្តល់ជាថវិកា ចូលរួមនូវការខ្វះខាត លើការសិក្សាក្ដីជួបនូវគ្រោះមហន្តរាយធម្មជាតិក្ដី នេះសបញ្ជាក់ពីសក្ដីភាពដ៏ល្អប្រពៃ របស់ប្រជាជនតៃវ៉ាន់ ទោះបីយើងជាសាសខុសគ្នាក្ដី។ ជាចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើនិងពិតប្រគេនដល់ព្រះតេជគុណ ទាំងអស់ដែលបានទទួលសម្ភារៈកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ ត្រូវរួមគ្នាថែរក្សាខិតខំរៀនសូត្រ យកចិត្តទុកដាក់ ព្រោះថាចំណេះដឹងជាទ្រព្យដ៏មហាសាលមិនអាចកាត់ថ្លៃបាន៕