កំពង់ស្ពឺ៖នៅព្រឹកអាទិត្យទី ១៤សីហា ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្ត្រីការគណ:រដ្ឋមន្ត្រី បានឆ្លៀតដឹកនាំក្រុមការងារស្ម័គ្រចិត្តសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដែលមាន ឯកឧត្តម មួង ឃីម លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ លោកបណ្ឌិត ស៊ុ ឈុំឡុង អនុប្រធានក្រុមប្រឹក្សាភិបាល និងសមាជិក មួយចំនួនទៅចូលរួមដាំដើមឈើជាមួយលោក តាន់ គឹមសួ ព្រមទាំង លោកស្រីជាម្តាយ លោកយាយ បងប្អូនប្រុសស្រី រួមទាំងលោក ប៉ែន ចំរ៉ុង ដែលជាសិល្បករខ្មែរ លោកស្រី ម៉ម សុមាលី និង អ្នកស្ម័គ្រចិត្ត ព្រមទាំងមន្រ្តីបរិស្ថានផងដែរ។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត និង សប្បុរសជន នឹង ផ្តល់កូនគ្រញ៉ូងចំនួន ២០០០ដើមជួយដាំបន្ថែមនៅទីតាំងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ដួង តារា ក៏លើកឡើងដែលថាធម្មជាតិផ្តល់ផលប្រយោជន៍ច្រើនណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្ស។ ពិតណាស់ ធម្មជាតិគឺស្នាមញញឹម ធម្មជាតិគឺសេចក្តីសុខទាំងសម្រាប់ជីវិតមនុស្សនិងសត្វ។ បើគ្រប់គ្នាចូលរួមដាំដើមឈើម្នាក់តែ១ដើម គឺយើងនឹងមានឈើ១៦លានដើមរស់ឡើងវិញនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសកម្មភាពនៃការដាំដើមឈើដោយស្នាមញញឹម លោក តាន់ គឹមសួ និង លោក ប៉ែន ចំរ៉ុង រួមទាំងយុវជន បៃតង វើរៀ ពិតជាមានអារម្មណ៍រំភើប ពេលដែលមានវត្តមានរបស់ឯកឧត្តមបណ្ឌិត ដែលបានដឹកនាំមន្ត្រីរាជការ សាស្ត្រាចារ្យ ក្រុមការងារស្ម័ត្រចិត្តរបស់ឯកឧត្តមបណ្ឌិត មកដាំដើមឈើ និង បានលើកទឹកចិត្ត ការយុទ្ធនាការនៃការដាំដើមឈើនេះផងដែល៕