ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនិតិវិធី នៃកការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាល ឃុំ សង្កាត់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ គោលបំណងសំខាន់នៃការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗដែលមានកំណត់នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ អំពីរបៀបរបប នៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នីមួយៗ សំដៅដាក់ឱ្យដំណើរការយន្តការនេះឲ្យបានឆាប់រហ័ស នៅក្រោយពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតក្នុងអាណត្តិថ្មី ចូលកាន់តំណែង ។
ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះរាល់ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមក បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមពីវិបត្តិ នៃជំងឺកូវីដ–១៩ ប៉ុន្តែក៏នៅតែបានជួយគាំទ្រ សហការ និងសម្របសម្រួលដល់ដំណើរការរៀបចំយន្តការផ្ដល់សេវារដ្ឋបាលរបស់យើងនេះឲ្យទទួលបានលទ្ធផលដ៏គួរជាទីមោទនៈទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ។
ទន្ទឹមនោះឯកឧត្តមក៏បានផ្តាំផ្ញើរនិងបញ្ជាក់ថា ដើម្បីជាការរួមចំណែកឲ្យការរៀបចំយន្តការនេះបានត្រឹមត្រូវតាមនីតិវិធីប្រព្រឹត្តទៅបានរលូនមានប្រសិទ្ធភាព និងទាន់ពេលវេលា សូមឲ្យក្រុមការងារគាំទ្ររបស់រដ្ឋបាលខេត្ត ដែលមានឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្ត ជាប្រធាន ត្រូវផ្ដល់ការគាំទ្រលើផ្នែកបច្ចេកទេសដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំយន្តការនេះ ព្រមទាំងត្រូវពិភាក្សា និងកំណត់ពីកាលបរិច្ឆេទជាក់លាក់ ដើម្បីដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ឲ្យបានឆាប់ដោយមិនត្រូវពន្យារពេលវេលាយូរឡើយ។
– បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យរៀបចំបុគ្គលិកសម្រាប់ការផ្ដល់សេវា និងរៀបចំទីកន្លែងណាមួយឲ្យបានសមស្របនៅក្នុងបរិវេណសាលាឃុំ សង្កាត់របស់ខ្លួន ដើម្បីរៀបចំយន្តការច្រកចេញចូលតែមួយ ។
– រដ្ឋបាលឃុំ សង្កាត់ ក្នុងករណីមានភាពមិនច្បាស់លាស់លើចំណុចណាមួយនៅក្នុងការអនុវត្តសេចក្ដីណែនាំដែលបម្រើឲ្យការរៀបចំយន្តការច្រកចេញចូលតែមួយ ត្រូវស្នើសុំការគាំទ្របន្ថែមពីក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីក្រុមការងារមានមូលដ្ឋានក្នុងការដោះស្រាយ ឬស្នើសុំយោបល់បន្តទៅក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។
– ដោយឡែក នៅក្នុងការរៀបចំ និងអនុវត្តយន្តការនេះ សូមឲ្យរដ្ឋបាលឃុំ សង្កាត់យកចិត្តទុកដាក់ ៖
លើការរៀបចំបុគ្គលិកដែលបំពេញការងារផ្ដល់សេវាក្នុងយន្តការនេះ ត្រូវពិនិត្យលើលក្ខណសម្បត្តិ ការទទួលខុសត្រូវ សីលធម៌វិជ្ជាជីវៈ បទពិសោធន៍ការងារ សមត្ថភាពជំនាញ និងការចាត់ចែងការងារត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និងបែបបទនីតិវិធី នៃការផ្ដល់សេវា ឲ្យបានច្បាស់លាស់ និងសមស្របតាមការណែនាំ និងស្ថានភាពជាក់ស្ដែង ៕