ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ចាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណអភិបាលខេត្ត ពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលានគរបាលជាតិភូមិភាគ២។ ជាមួយគ្នានេះ សម្ដេចក៏បានសម្រេចជួយសាងសង់អគារសិក្សាមួយខ្នងបន្ថែមទៀតដែរ ដល់សាលានគរបាលជាតិភូមិភាគ២ ដើម្បីបំពេញតម្រូវការជាក់ស្ដែងដ៏ចាំបាច់នៅក្នុងសាលា។
សម្ដេចបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែងវគ្គមូលដ្ឋាននាពេលនេះមានរយៈពេល៤ខែ។មន្រ្តីនគរបាលដែលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលរំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។
សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម៕