ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងក្រុងតាខ្មៅចំនួន ១៥វត្ត នៅក្នុងវត្តវេឡុការាម ហៅវត្តព្រែកឫស្សី ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ឯកឧត្តមបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។
ឯកឧត្តមបញ្ជាក់ថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយ ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ទៀនព្រះវស្សា និងទេយ្យទាន ជាច្រើនដែលរដ្ឋបាលខេត្តយកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ ។
ទៀនព្រះវស្សា និងទេយ្យទាន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានាឱកាសនោះ ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១កេសធំ និងថវិកាមួយចំនួនផងដែរ ៕