ខេត្តព្រះសីហនុ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះចំនួន ៤៨២នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី អេសអុីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ដំណើរចុះជួបកម្មករ និយោជិតនឿយកាយ តែមិននឿយចិត្តនោះទេ ពីព្រោះបានស្វែងយល់ពីសុខទុក្ខកម្មករ ការិនីយើងដោយផ្ទាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោតជាង ៨៦ភាគរយ ដែលគាំទ្របក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រះសីហនុ បង្ហាញការជឿជាក់របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា។សម្តេចធិបតី បានថ្លែងថា ប្រាក់ចំណូលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករ និយោជិត តែប្រាក់ចំណូលនេះបើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ។សម្តេចធិបតីបានថ្លែងថា ទសវត្សរ៍៨០ និង៩០ កម្ពុជានាំពីក្រៅគ្រប់បែបយ៉ាងសម្រាប់ការហូបចុក និងប្រើប្រាស់ តែបច្ចុប្បន្នកម្ពុជាអាចផលិតសម្រាប់ហូប និងប្រើប្រាស់ខ្លួនឯង ហើយបានលក់ចេញទៅក្រៅប្រទេសថែមទៀត។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នចែកបាន ២លានក្បាលដី សល់ប្រមាណ ៥លានក្បាលដី។សម្តេចធិបតីបានមានប្រសាសន៍ថា ធម្មជាតិខេត្តព្រះសីហនុល្អខ្លាំងណាស់ ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការកែច្នៃ ដើម្បីបានជាប្រយោជន៍បានច្រើនទៀត។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវទាមទារចាំបាច់នូវកត្តាសុខសន្ត្តិភាព បើមានសង្គ្រាម គ្មានឱកាសកែប្រែធម្មជាតិ ទៅជាសក្តានុពលនោះឡើយ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅបំពាក់ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល ដែលពេលនេះក្រុមហ៊ុនបន្តពន្យារពេលមិនយកថ្លៃសម្រាប់ការចុះឈ្មោះយកកាត ហើយថ្ងៃនេះក៏ជាខួប១ឆ្នាំនៃការដាក់អោយប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ–ព្រះសីហនុ ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។ សម្តេចធិបតី ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា។ រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចនេះជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែនៅខេត្តជាប់សមុទ្រមួយនេះ។ដើម្បីទាក់ទាញទេសចរណ៍ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់។សម្តេចធិបតីបានបង្ហាញក្តីរំពឹងថា ៥ ទៅ១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ ហើយដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន៕