ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះរៀបចំតម្លើងបង្គោល លើកស្លាកលេខឈ្មោះផ្លូវ ជាលើកដំបូង នៅតាមផ្លូវមេសំខាន់ៗ ដោយចំណាយថវិកាជាង ៥ម៉ឺនដុល្លារ ក្រោមការឧបត្ថម្ភពីលោក យ៉ាង គីមហ៊ុយ និងភរិយា ដែលជាអាជីវករក្នុងក្រុងប៉ោយប៉ែត ។
លោក គាត ហ៊ុល បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការរៀបចំដាក់ស្លាកលេខផ្លូវ និងឈ្មោះផ្លូវនេះ គឺមានគម្រោងតាំងពី ១០ឆ្នាំមុនមកម៉្លេះ ដោយការផ្តួចផ្ដើមពីលោក យ៉ាង គីមហ៊ុយ តែដោយសារមិនមានការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបមិនបានធ្វើ ពីព្រោះយើងមានតែឈ្មោះផ្លូវ ក៏ប៉ុន្តែលេខផ្លូវមិនមាន ។ដោយថ្មីៗនេះមានការរំលឹកសារជាថ្មីពីលោក យ៉ាង គីមហ៊ុយ ទើបលោកអភិបាលក្រុងបានសួរទៅសាធារណការ និងដឹកជញ្ជូន ក៏ស្រាប់តែសាធារណការបានផ្ដល់តួលេខឲ្យជាស្រេច ទើបលោកឱ្យក្រុមការងាររៀបចំតម្លើបង្គោល លើកស្លាកលេខ និងឈ្មោះផ្លូវ ជាលើកដំបូងតាមផ្លូវមេសំខាន់ៗ ចាប់ពីរង្វង់មូលផ្លូវ៥៨ ស្ទឹងបត់ រហូតមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោកអភិបាលក្រុងបានបញ្ជាក់ថា លេខផ្លូវនេះគឺបានមកពីមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលបានការអនុញ្ញាតពីក្រសួង ចំណែកឈ្មោះផ្លូវអាជ្ញាធរក្រុង សុំការអនុម័តពីក្រុមប្រឹក្សាក្រុង ដើម្បីដាក់ឈ្មោះបន្ថែម ដូច្នេះចាប់ពីថ្ងៃនេះទៅអាជ្ញាធរក្រុងនិងចាប់ផ្ដើមបោះបង្គោល រួចចាប់ស្លាកលេខ និងឈ្មោះបណ្ដើរៗ ដើម្បីឈានទៅធ្វើបន្តផ្លូវផ្សេងៗទៀត។
លោកអភិបាលក្រុងបញ្ជាក់ទៀតថា ពេលនេះយើងដាក់ស្លាកលេខផ្លូវ និងឈ្មោះផ្លូវ ហើយបន្តបន្ទាប់ខាងមុខនេះ យើងនឹងបន្តធ្វើផ្លូវថ្មើរជើង ប្រវែង ៥ម៉ែត្រសងខាង បន្ថែមទៀតចាប់ពីរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់វត្តផ្សារកណ្ដាល ដែលគម្រោងនេះបានសិក្សារួចរាល់ហើយនៅតែថ្ងៃធ្វើតែប៉ុណ្ណោះ ។
ដូច្នេះសូមឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរឲ្យបានផុសផុលក្នុងការរុះរើសំយាប ស្លាកយីហោរ និងសំណង់ផ្សេងៗដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងដើម្បីងាយស្រួលអាជ្ញាធរធ្វើការងារផងដែរ៕