(បន្ទាយមានជ័យ)៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺនចំនួន ៤វគ្គ សិក្ខាកាមសរុបចំនួន ៣៧០នាក់ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមភ្នំជញ្ជាំងឃុំ ជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
អំណានរបាយការ ដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ ជូនអង្គពិធីថា វគ្គហ្វឹកហ្វឺនដែលបិទនាពេលនេះ មានចំនួន ២វគ្គ រួមមាន វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន ១វគ្គ សិក្ខាកាម សរុបចំនួន ១០០នាក់ និងបិទវគ្គហ្វឹកហ្វឺន ប្រឆាំងបាតុកម្ម និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ១វគ្គ សិក្ខាកាមសរុបចំនួន ៧០នាក់ នាពេលនេះដែរក៏បានបើកវគ្គបន្តចំនួន២ បន្ថែមទៀត គឺវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង របស់អង្កភាពចំណុះទីបញ្ជាការ កងពល ចំនួន ១វគ្គ សិក្ខាកាម សរុបចំនួន ១០០នាក់ និងវគ្គហ្វឹកហ្វឺនទៅនៅហ្នឹងកន្លែង របស់វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន ១វគ្គ សិក្ខាកាម ចំនួន ១០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ កោតសរសើរ នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការខិតខំ របស់មេបញ្ជការ កងពលតូចថ្មើរជើងលេខ៥១ បើកវគ្គហ្វឹកហ្វឹនតាមផែនការរបស់យោធភូមិភាគទី៥។
ក្នុងឳកាសនោះដែរ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ បានផ្តាំផ្ញើរដល់សិក្ខាកាមទាំំងអស់ ដែលបានបញ្ចប់វគ្គ បានធ្វើលំហាត់យុទ្ធដំណើរទ័ព ដើម្បីពង្រឹងកាយសម្បទា របស់យោធិន ក្នុងតួនាទីភារកិច្ច កងយោធពខេមរភូមិន្ទ ប្រកបដោយដោយភាពទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អ សក្ខាកាមដែលបញ្ចប់វគ្គ ត្រូវយកមេរៀន ដែលរៀនកន្លងយកទៅបំរើអង្គភាព ឲ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព ធានាបានតួនាទីភារកិច្ចការពារជាតិ ក្នុងនោះត្រូវបន្តអនុវត្តន៍ ការបំផុសចលនា ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងការងារប្រឡងប្រណាំងពីអង្គភាពមួយទៅអង្គភាពមួយ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដាច់ខាតបើមានយោធិនណាពាក់ព័ន្ធ គឺត្រូវបណ្តេញចេញពីជួរកងទ័ពភ្លាម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រសាសន៍ផ្តាំផ្ញើរ ចំពោះសិក្ខាកាមដែលបានបើកវគ្គទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរវិន័យ គោរពបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងបានល្អ ធ្វើខ្លួនឲ្យស័ក្តិសមជាកងយោធពលខេមរភូមិន្ទ។ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានប្រកាសបើកវគ្គចាប់ពីថ្ងៃនេះតទៅ និងឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺនចំនួន ២.០០០.០០០រៀលផងដែរ៕