ខេត្តស្វាយរៀង៖អាគាររដ្ឋបាល អាគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានថ្លែងនូវការកោតសរសើរដល់ រដ្ឋបាលខេត្តស្វាយរៀង ដែលមានឯកឧត្តម ម៉ែន វិបុល ជាអភិបាលខេត្ត និងមន្ត្រីរាជការសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទាំងអស់ បានចូលរួមចំណែកក្នុងការប្រមូលពន្ធជូនរដ្ឋ ធ្វើឲ្យកំណើនថវិការចំណូលចូលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីគយទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យប្រមូលពន្ធជូនរដ្ឋ មានការកើនឡើងដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕