(បន្ទាយមានជ័យ)៖មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ និងរតនាគារខេត្ត សហការជាមួយរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យុត ស្វីនី ប្រធានរតនាគារខេត្ត អភិបាលក្រុង–ស្រុក លោក– លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេឃុំចៅ–សង្កាត់ ស្មៀន ទូទាំងខេត្តផងដែរ។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច បានមានប្រសាសន៍ថា៖ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សរណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីផ្ដល់ជាគោលការណ៍ណែនាំថ្មីៗ សម្រាប់ជាមូលដ្ឋាន និងជាក្របខ័ណ្ឌ សម្រាប់ការរៀបចំកញ្ចប់ថវិកា ឆ្នាំ២០២៣។
លោកបន្តថា៖ផ្អែកលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីកំណត់នូវក្របខ័ណ្ឌ និងវិធានការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល អាទិភាពចំណាយ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងការវិភាជថវិកាដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃទំហំថវិកា និងអាទិភាពគោល នយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩–២០២៥» ដែលជាការកែទម្រង់រយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត «ថវិកាកម្មវិធី» ជាបណ្ដើរៗ ដើម្បីធានាឱ្យបានការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតម្រឹមជាមួយនឹងគោលបំណង/ អាទិភាពគោលនយោបាយជាតិ។
ឯកឧត្តមបញ្ជាក់ថា៖ក្នុងគោលដៅនេះ ការធ្វើសមាហរណកម្ម ផែនការនីយកម្មមានភាពចាំបាច់ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត ថ្នាក់ជាតិ (មន្ទីរជំនាញរាជធានី–ខេត្ត)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកា គឺការធ្វើការកែលម្អ និងផ្លាស់ប្ដូរជាជំហានៗ វដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពិសេស កំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាល នៃវដ្តថវិកា ដែលរួមទាំងការធ្វើស្ថាប័ននីយកម្មជាបណ្ដើរៗ នៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ៕