ខេត្តបន្ទាយមានជ័យ៖ប្តីស្លាប់ចោល រស់នៅជាមួយកូនស្រីមិនហ៊ានទុកកូនចោល នាំទៅធ្វើការសំណង់ ទំនេពីការងារនាំកូនទៅរាវគ្រំ ក៏ស្រាប់តែលង់ទឹកអាងឈូកស្លាប់ចោលម្តាយ ដែលរកឃើញនៅម៉ោងជាង១១ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ សួន ស្រីពេជ្រ ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖តាមសំដីស្ត្រីឈ្មោះ សួន ចៃ អាយុ៣៨ឆ្នាំ(ត្រូវជាម្តាយជនរងគ្រោះ)បានអោយដឹងថាក្មេងស្រីរងគ្រោះ ត្រូវជាកូនបង្កើតបានទៅធ្វើការសំណង់ជាមួយម្តាយរាល់ថ្ងៃ ពេលកើតហេតុនាងទំនេបានទៅរាវគ្រំជាមួយក្មេងប្រុស.ស្រី២ទៅ៣នាក់នៅអាងឈូក ហើយម្តាយរវល់ធ្វើការសំណង់(ធ្វើផ្ទៈ)ក្បែរកន្លែងកើតហេតុស្រាប់មានក្មេងដែលទៅជាមួយបានរត់មកប្រាប់ថា ស្រី ពេជ្រ លង់ទឹកអាង ទើបអ្នកស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍ឃុំចង្ហា បាននាំគ្នារត់ទៅជួយចុះរាវរករយៈពេលជិត១ម៉ោងទើបរកឃើញស្រង់ឡើងគោកនាងបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយបានយកទៅផ្ទៈ។
លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា៖តាមការពិនិត្យនិងទទួលព័ត៌មានក្មេងស្រីបានលង់ទឹងអាងនៅអំឡុងម៉ោង១០និង១៥នាទី ហើយរកឃើញនៅម៉ោង១១និង៥នាទីដែលលង់ទឹកអាងកន្លែងជម្រៅប្រមាណជិត២ម៉ែត្រ នៅពេលទៅរាវគ្រំរអិលជើងចូលទឹកជ្រៅបណ្តាលលង់ស្លាប់រយៈពេលជិត១ម៉ោងទើបបានរាវរកឃើញស្រង់ឡើងគោកពិនិត្យហើយប្រគល់ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
ស្ត្រីឈ្មោះ សួន ចៃ (ត្រូវជាម្តាយក្មេងរងគ្រោះលង់ទឹកស្លាប់)បានប្រាប់ថា៖គាត់ជាស្ត្រីមេម៉ាយដែលប្តីស្លាប់ចោលកាលនាងនៅតូចហើយរស់នៅជាមួយកូនស្រី ពេជ្រ ពេលនាងទំនេការសិក្សាបាននាំទៅធ្វើការសំណង់ជាមួយ ដោយមិនហ៊ានទុកនាងចោលម្នាក់ឯង៕