(បន្ទាយមានជ័យ)៖ចេះពីរៀនមានពីរក នេះគឺជាសង្ឃដីកាលើកឡើងរបស់ ព្រះសិរីនក្ខិតវង្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្តរតនារាម ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២–២០២៣ នៅសាលាពុទ្ធិកបឋមសិក្សា ម៉ាចសត្ថារាម មានរិទ្ធិ ស្ថិតក្នុងបរិវេណវត្ត រតនារាម ផ្សារកណ្ដាល ដែលមានសមណៈសិស្សជាង ១៥០អង្គរ នឹងចូលសិក្សារៀនសូត្រឲ្យមានចំណេះដឹងទូលំទូលាយ ដើម្បីក្លាយជាអ្នកបន្តវេនដ៏មានសក្កានុពលនាពេលអនាគត។
ព្រះធម្មញ្ញាណ ប៉ុក ចំរើន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា យោងតាមប្រកាសលេខ ២២៥/២២ របស់អគារធិការដ្ឋាន ពុទ្ធិកសិក្សាជាតិក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២២–២០២៣ ដើម្បីឲ្យដំណើរការសិក្សាតាមគន្លងថ្មី ប្រព្រឹទ្ធទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មីគឺគ្រប់ភូមិសិក្សា ត្រូវបន្តអនុវត្តវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការសិក្សារៀនសូត្រជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងពុទ្ធចក្រនិងអាណាចក្រ។ លោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើដល់សមណៈសិស្សទាំងអស់ បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ចូលរួមយ៉ាងសកម្មក្នុងការកសាងអំពើល្អ ជាពិសេសគោរពឱ្យបានខ្ជាប់ខ្ជួននូវ អភិសមាចារិកវត្ត នឹងជៀសឱ្យផុតចាកការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ គ្មានការសេពគ្រឿងញៀនជាដើម។ជាងនេះទៅទៀតលោក បៀវ ថាន ក៏ថ្លែងនូវអំណរគុណនិងអំណរព្រះគុណ ចំពោះព្រះថេនានុថេរៈគ្រប់ព្រះអង្គ បានខិតខំបង្កើតសាលារៀននិងសូមអរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា ពុទ្ធបរិស័ទ សប្បុរសជន អាជីវករ តែងតែបរិច្ចាគចូលរួមចំណែក កសាងធនធានមនុស្ស ចំណេះដឹងនូវពុទ្ធិកសិក្សា ឱ្យមានដំណើរការរៀនសូត្រទទួលបានចំណេះដឹង ពិតប្រាកដនិងមានប្រសិទ្ធភាព។ ចុងក្រោយគណៈធិបតីក៏បានប្រគេននូវសម្ភារៈសិក្សាដល់សមណៈសិស្សទាំង ១៥០ អង្គរ៕