ខេត្តកំពត៖ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗនេះ ចំនួន ៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
អំណោយដែលបានប្រគល់ជូនពលរដ្ឋនៅពេលនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។បន្ទាប់ពីបានប្រគល់អំណោយរួចមក ឯកឧត្ដមអភិបាលខេត្ត ក៏បានចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពជាក់ស្តែងអំពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង ដែលធ្វើឲ្យខូចខាតដំណាំស្រូវរបស់ងប្អូនប្រជាពលរដ្ឋផងដែរ៕